ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនករណីឆក់ខ្សែ ក។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៣:៣០នាទីរសៀល ថ្ងៃ ទី២៨ ខែ កក្កដា ឆ្នាំ ២០២០ នៅចំណុចមុខសាលាអន្តរជាតិចាំងហ្គល ផ្លូវ៥៩៨ ក្រុម២ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ឈ្មោះ មុត សម្បត្តិ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្រុមទី៦ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ជាអ្នកបើកបរម៉ូតូ (មានសារធាតុញៀន)។ និង ឈ្មោះ ហេង ឡុង អាយុ ១៩ឆ្នាំ មុខរបរ លាងម៉ូតូ ស្នាក់នៅផ្ទះជួលផ្លូវ k5 ភូមិ ចុងខ្សាច់ សង្កាត់ ទួលសង្កែ ទី១ ខណ្ឌ ឫស្សីកែវ ជាអ្នកធ្វើសកម្មភាពឆក់ខ្សែករ (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះមាន ឈ្មោះ គង់ ស៊ុនណារី ភេទស្រី អាយុ៧០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៨៨ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

វត្ថុតាង ដកហូតរួមមាន ខ្សែ ក ផ្លាកទីន ទំងន់២ជី (បានប្រគល់ជូនជនរងគ្រោះវីញ ) និងម៉ូតូ មួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ផ្លាកលេខ ភ្នំពេញ 1FI-5892 (ជាម៉ូតូជិះធ្វើសកម្មភាព)។

លោកអធិការបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ ជិះរឺម៉កដឹកឥវ៉ាន់ដែលកូនប្រុសជាអ្នកបើកបរ ពីផ្សារអូឫស្សីទៅផ្ទះនៅសង្កាត់ច្រាំងចំរេះទី១ តាមបណ្តោយផ្លូវ៥៩៨ ខណៈមកដល់ចំណុចកើតហេតុក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមកក្បែរជនរងគ្រោះបានធ្វើសកម្មភាពឆក់ខ្សែករជនរងគ្រោះបានសំរេច រួចបើកម៉ូតូគេចបត់ចូលតាមផ្លូវ១៨០០ ហើយជនរងគ្រោះក៏ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋតាមផ្លូវជិះដេញតាមជនសង្ស័យក៏បានជួប កំលាំងល្បាតយើងក៏ស្ទាក់ចាប់ជនសង្ស័យទាំងពីរនាក់បាន។

បន្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here