ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ស្នើសុំកិច្ចសហការ ពីក្រុមហ៊ុនដៃគូ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់បទល្មើសទំនិញក្លែងក្លាយ និង ខូចគុណភាព នៅលើទិផ្សារ ដើម្បីធានាឲ្យបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ជៀសផុតពីការប្រើប្រាស់ផ្លូវដែលខូចគុណភាព។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអំពាវនាវទៅដល់ ទៅដល់ម្ចាស់ក្រុមហ៊ុន និងសាធារណជនទាំងអស់ ចូលរួមសហការផ្ដល់ព័ត៌មាន និង រាយការណ៍ អំពីទីតាំងអំពីមុខសញ្ញា គោលដៅផលិត និងគោលដៅដែលឈ្មួញបានលក់ចែកចាយ នូវផលិតផលខុសច្បាប់ មកដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់មន្រ្តីជំនាញចុះទៅត្រួតពិនិត្យ និងបង្រ្កាបឲ្យបានមុនផលិតផលក្លែងក្លាយ និងខូចគុណភាពទាំងអស់នោះ ចរាចរនៅលើទីផ្សារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ថ្លែងនៅក្នុងកម្មវិធីសម្ពោធសាខាថ្មី របស់ក្រុមហ៊ុន RF3 World Cambodia ក្រោមព្រះវត្តមាន សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៨ កក្កដានេះ នៅផ្សារទំនើបស្ទឹងមានជ័យថ្មី ជាន់ទី៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បានថ្លែងបញ្ជាក់ថា ការបង្កើនកិច្ចសហការល្អ ជាមួយភាគីពាក់ព័ន្ធនេះ គឺជាការរួមគ្នាទប់ស្កាត់ និងបង្រ្កាប ផលិតផលក្លែងបន្លំ ដែលគ្មានគុណភាពគ្រប់ប្រភេទ ដូចជា ផលិតផលវិជ្ជសាស្រ្ត ឱសថសាស្រ្ត គ្រឿងសំអាង និង គ្រឿងឧបភោគបរិភោគជាដើម ដើម្បីធានាសុវត្ថិភាព សុខភាព ជូនប្រជាពលរដ្ឋ ក៏ដូចជា ការការពារអ្នកវិនិយោគសុច្ចរិត និងសហគ្រាសទាំងឡាយដែលប្រកបរបរស្របច្បាប់ មានភាពស្មោះត្រង់ និងមានភាពត្រឹមត្រូវ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន RF3 World Cambodia បានង្ហាញការគាំទ្រចំពោះការ រួមគ្នាទប់ស្កាត់ និងបង្រ្កាប ផលិតផលក្លែងបន្លំ ដែលគ្មានគុណភាពគ្រប់ប្រភេទ ដែលកំពុងចរាចរនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។

ទន្ទឹមនិងនេះ លោកក៏បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ បង្កើនការរឹតបន្តឹងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ផលិតផលរំលោភលើកម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែលដទៃទៀត ដើម្បី ការពារអ្នកវិនិយោគសុច្ចរិត និងសហគ្រាសទាំងឡាយដែលប្រកបរបរស្របច្បាប់ មានភាពស្មោះត្រង់ និងមានភាពត្រឹមត្រូវចំពោះមុខច្បាប់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់សុវត្ថិភាព សុខភាពដល់ប្រជាជនកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ផលិតផលក្លែងក្លាយ ដែលសមត្ថកិច្ចជំនាញរឹបអូសបាន ភាគច្រើន ជាប្រភេទ គ្រឿងសំអាង ផលិតផលធ្វើឲ្យស្បែកស សាប៊ូ ថ្នាំជក់ជាដើម ដែលវត្ថុទាំង អស់នេះ ត្រូវបានឈ្មួញទុច្ចរិតធ្វើការនាំចូលលួចលាក់ដោយប្រើប្រាស់វិធីសាស្ត្រ និង មធ្យោបាយគ្រប់រូបភាពបំភ័ន្តសមត្ថកិច្ចជំនាញ ហើយធ្វើការផលិតដោយក្លែងបន្លំម៉ាក សញ្ញា និងរំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនស្របច្បាប់ ធ្វើសកម្មភាពលក់ចែកចាយនៅ តាមបណ្តាទីផ្សារនៅទូទាំងប្រទេស ពិសេសតាមជនបទដែលមានហានិភ័យខ្ពស់ប៉ះពាល់ ដល់សុខភាពនិងអាយុជីវិតអ្នកប្រើប្រាស់ និងក្លាយជាកង្វល់ដ៏ធំមួយសម្រាប់សង្គមជាតិ ទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here