អន្តរជាតិ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ បានអះអាងនៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ថា បើទោះបីជាប្រទេសខ្លួនរកឃើញអ្នកឆ្លង COVID-19 ថ្មីជាង៧០០នាក់ បន្ថែមទៀតក៏ដោយ ក៏មិនទាន់ចាំបាច់ ត្រូវប្រកាសដាក់ប្រទេសជប៉ុន ទៅក្នុងគ្រាអាសន្នជាថ្មីម្តងទៀតឡើយ ។

បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅថ្ងៃសុក្រ ទី២៤ ខែកក្កដាម្សិលមិញនេះ ចំនួនករណីសរុបនៃអ្នកឆ្លងជំងឺ COVID-19ថ្មី នៅក្នុងប្រទេសជប៉ុន ជាង៧០០នាក់បន្ថែមទៀត គឺបានកើនឡើងដល់២៨,៩៧៧ករណី ។ ប៉ុន្តែករណីឆ្លងថ្មីៗ ដែលត្រូវបានរកឃើញនៅក្នុងថ្ងៃសុក្រនេះ គឺបានថយចុះ ពីម្សិលមិញដែលមានចំនួនជាង៩០០នាក់។

សូមជម្រាបថា សម្រាប់ទីក្រុងតូក្យូ ដែលជាកន្លែងឆ្លងរាលដាលខ្លាំង គឺមានការរកឃើញករណីថ្មីចំនួន២៦០នាក់ តិចជាងម្សិលមិញ ដែលមានចំនួន៣៦៦នាក់។ ស្របពេលដែលលោក អាបេ អះអាងថា មិនទាន់ចាំបាច់ត្រូវដាក់ប្រទេសក្នុងគ្រាអាសន្នសាជាថ្មីនោះទេ លោកក៏បានបន្ថែមថា គឺរដ្ឋាភិបាលជប៉ុនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ជាទីបំផុត ។

បច្ចុប្បន្នប្រទេសជប៉ុន ត្រូវបានដកចេញពីគ្រាអាសន្នទាំងស្រុង កាលពីចុងខែឧសភាកន្លងទៅ។ ពាក់ព័ន្ធនឹងចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិត នៅប្រទេសជប៉ុនវិញ គឺកើនដល់១,០០៧នាក់ ដោយរាប់បញ្ចូលនូវ១៣នាក់ ដែលមកពីកប៉ាល់ទេសចរណ៍ Diamond Princess ខណៈចំនួនអ្នកឆ្លងសរុបទាំង២៨,៩៧៧នាក់ គឺពុំមានរាប់បញ្ចូលចំនួនករណីឆ្លង៧១២នាក់មកពីកប៉ាល់នេះឡើយ។

យ៉ាងណាមិញ អ្នកជំងឺជាង២ម៉ឺននាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយព្យាបាលជាសះស្បើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here