អន្តរជាតិ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិកហៅកាត់ថា FBI បានធ្វើការសួរនាំអ្នកកាន់ទិដ្ឋាការជនជាតិចិនជាច្រើននាក់ ដែលរស់នៅក្នុងទីក្រុងចំនួនច្រើនជាង ២៥ របស់សហរដ្ឋអាមេរិក ពីបទសង្ស័យថា បានលាក់បាំងអត្តសញ្ញាណ ជាសមាជិកយោធាចិនរបស់ពួកគេ ខណៈជនជាតិចិន ០៣នាក់ហើយត្រូវបានឃាត់ខ្លួន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែកក្កដា ឆ្នាំ២០២០ (ក្នុងពេលវេលានៅវ៉ាស៊ីនតោន) ។

បើតាមទីភ្នាក់ងារសារព័ត៌មាន CNA ចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះថា លោក ចន ឌីមើស៍ (John Demers) ជំនួយការនៃអគ្គរដ្ឋអាជ្ញារងអាមេរិក បានលើកឡើងថា «សមាជិកនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានដាក់ពាក្យសុំទិដ្ឋាការស្រាវជ្រាវនៅសហរដ្ឋអាមេរិក ខណៈដែលពួកគេទាំងនោះ បានលាក់សម្ព័ន្ធភាពពិតរបស់ពួកគេជាមួយ PLA… នេះគឺជាផ្នែកមួយទៀតនៃផែនការរបស់បក្សកុម្មុយនីស្តចិន ដើម្បីទាញយកផលប្រយោជន៍ ពីសង្គមដ៏បើកចំហរបស់យើង និងបានកេងចំណេញពីស្ថាប័នអប់រំ របស់យើងច្រើនណាស់»។

ក្រសួងយុត្តិធម៌អាមេរិក បានគូសបញ្ជាក់ថា ស្ថាប័នFBI បានឃាត់ខ្លួនជនជាតិចិន ០៣នាក់ ពីបទលាក់បាំងសមាជិកភាព នៅក្នុងកងទ័ពប្រជាជនចិន PLA នៅពេលពួកគេបានដាក់ពាក្យស្នើសុំទិដ្ឋាការ ដើម្បីធ្វើការស្រាវជ្រាវ នៅស្ថាប័នសិក្សារបស់សហរដ្ឋអាមេរិក។ ក្រសួងយុត្តិធម៌អាមេរិកបានបន្ថែមថា FBI កំពុងស្វែងរកចាប់ខ្លួនជនសង្ស័យទី ០៤ ដែលបានស្វែងរកការជ្រកកោន នៅក្នុងស្ថានកុងស៊ុលចិននៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ បន្ទាប់ពីត្រូវបានសម្ភាសន៍ ដោយការិយាល័យកាលពីខែមិថុនាកន្លងទៅនេះ។

សូមជម្រាបថា កាលពីម្សិលមិញនេះ រដ្ឋាភិបាលអាមេរិកបានសម្រេចចិត្តទុកពេលឲ្យចិន ៧២ម៉ោង ដើម្បបិទស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងទីក្រុងហូស្តុន (Houston) នៃរដ្ឋតិចសាស់ ដែលជាស្ថានកុងស៊ុលចំណាស់ជាងគេបំផុតរបស់ចិន នៅលើទឹកដីសហរដ្ឋអាមេរិក។ ការសម្រេចចិត្តបែបនេះ ត្រូវបានធ្វើឡើងក្រោមហេតុផល ការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក ពីការស៊ើបការណ៍ ឬលួចពីសំណាក់ទីក្រុងប៉េកាំង។

ជុំវិញបញ្ហានេះ ក្រសួងការបរទេសចិន បានប្រកាស នៅក្នុងសប្តាហ៍នេះថា ខ្លួនច្រានចោលរាល់ការចោទប្រកាន់ ដែលមិនសមហេតុផលទាំងឡាយ ពីសំណាក់សហរដ្ឋអាមេរិក និងបានចាត់ទុកទង្វើបិទស្ថានកុងស៊ុលចិន ព្រមទាំងគំរាមកំហែងនានា ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រាន់តែជាការបិទបាំងភាពបរាជ័យ នៅមុនការបោះឆ្នោតប្រធានាធិបតី នៅក្នុងខែវិច្ឆិកាខាងមុខនេះប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here