អន្តរជាតិ៖ ក្រុមហ៊ុនTwitter ដែលជាបណ្ដាញសង្គម បានប្រកាសបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ ឆ្នាំ២០២០ ដោយនៅក្នុងនោះប្រាក់ចំណូលដែល ទទួល បានខុសពីការរំពឹងទុករបស់អ្នកវិភាគ ហើយអ្វីដែលពិសេសនោះគឺ ចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃកើនឡើងខ្ពស់ហួសពីការស្មាន។ ប៉ុន្តែប្រាក់ចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មវិញគឺធ្លាក់ចុះ ២៣% បើធៀបនឹងឆ្នាំ២០១៩»។

យោងតាមការចេញផ្សាយសារព័ត៌មាន CNBC នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រុមហ៊ុន Twitter បានគូសបញ្ជាក់ថា «នៅត្រីមាសទី២ ឆ្នាំនេះ ស្ថានភាពហិរញ្ញវត្ថុរបស់យើងបានឡើបឡើងវិញក្នុងកម្រិតមធ្យម បើធៀបទៅនឹងត្រីមាសទី១ ដើមឆ្នាំ។ ចំណែកប្រាក់ចំណូលនៅត្រីមាសទី២ ឆ្នាំនេះ ដែល Twitter ទទួលបាន គឺមានចំនួន ៦៨៣លានដុល្លារអាមេរិក ផ្ទុយពីការរំពឹងទុករបស់អ្នកវិភាគដែលបាន លើកឡើងថា អាចមានចំនួនរហូតដល់ ៧០៧លានដុល្លារ ហើយការធ្លាក់ចុះខុសពីការរំពឹងទុកនេះ អាចបណ្ដាលមកពីបញ្ហាកូវីដ១៩។ ចំណែកអ្នកប្រើប្រាស់ប្រចាំថ្ងៃបានកើនដល់ពី ១៨៦លាននាក់ ពោលគឺកើនឡើងពី ១៧២លាននាក់។

ដោយឡែកចំពោះប្រាក់ចំណូល ដែលបានមកពីការផ្សាយពាណិជ្ជកម្មវិញគឺមានចំនួន ៥៦២លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុនធ្លាក់ចុះ ២៣% ហើយជាពិសេស មួយរយៈចុងក្រោយនេះគឺធ្លាក់ចុះ១៥%។ ដោយថ្មីៗនេះផងដែរ បណ្ដាញសង្គម Twitter ទទួលរងការវាយប្រហារដ៏ធ្ងន់ធ្ងរមួយគឺ គណនីបុគ្គលិកល្បីៗ ដូចជាលោក Barack Obama និងលោក Elon Musk ជាដើម ត្រូវបានគេហេកគណនី។

សូមជម្រាបថា បណ្ដាញសង្គម Twitter បានកើតឡើងនៅក្នុងឆ្នាំ ២០០៦ ហើយគិតមកដល់ពេលនេះ មានបុគ្គលិកជុំវិញពិភពលោកចំនួន ៤៦០០នាក់ និងមានអ្នកប្រើប្រាស់សរុបចំនួន ៣២១លាននាក់ (បើគិតត្រឹមចុងឆ្នាំ២០១៩) និងរកប្រាក់ចំណូលបាន ៣.៤ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here