អន្តរជាតិ៖ លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីប្រទេសវៀតណាម កាលពីថ្ងៃទី២៣ ខែកក្កដាម្សិលមិញនេះ បានចេញសារាចរស្ដីពីវិធានការជាបន្ទាន់ ដើម្បីរឹតបន្តឹងការគ្រប់គ្រងសត្វព្រៃ ។ ដោយបទបញ្ជានឹងផ្អាកការនាំចូលសត្វព្រៃនេះ លោកសង្កត់ធ្ងន់លើទស្សនៈថេររបស់ វៀតណាមលើការរឹតបន្តឹងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិស្តីពីសត្វព្រៃដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តជាមួយអន្តរជាតិរបស់ខ្លួន។

យោងតាមគោលជំហររបស់លោកនាយករដ្ឋមន្រ្តី បញ្ជាឲ្យផ្អាកការនាំចូលសត្វព្រៃនេះ បើទោះជាសត្វនោះងាប់ ឬ រស់ ពងសត្វ កូនដែលទើបនឹងញាស់ ផ្នែកផ្សេងៗ នៃសត្វទាំងនោះសម្រាប់កែច្នៃជាវត្ថុមានតម្លៃផ្សេងៗ (លើកលែងតែសត្វទឹកប្រើសម្រាប់ផលិតកម្មនិងកែច្នៃចំណីអាហារ និងចំណីសត្វ ដូចមានចែងក្នុងបទប្បញ្ញត្តិច្បាប់ នៃសត្វព្រៃកែច្នៃដែលត្រូវបានប្រើជាវត្ថុធាតុដើមសម្រាប់ផលិតថ្នាំ ឬ ផលិតផលចុងក្រោយ) រហូតដល់មានការណែនាំថ្មី។

គួរបញ្ជាក់ផងដែរថា ចំពោះសត្វព្រៃ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរ CITES បរទេស ដើម្បីនាំចេញទៅប្រទេសវៀតណាម ភ្នាក់ងារគយនៅច្រកព្រំដែនត្រូវតែតម្រូវឲ្យបញ្ជូនសត្វព្រៃត្រឡប់ទៅកន្លែងនាំចេញវិញ។ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យក្រសួងនានាពិនិត្យមើលឡើងវិញនូវឯកសារស្របច្បាប់ក្នុងគោលបំណងធ្វើវិសោធនកម្ម និងបំពេញបន្ថែមការដាក់ទណ្ឌកម្មលើទង្វើនៃការប្រើប្រាស់សត្វព្រៃខុសច្បាប់។

សូមជម្រាបថា ក្រោយពីលោកនាយករដ្ឋមន្រ្តី បានចេញបញ្ជាហើយនោះ នៅតាមមូលដ្ឋាននានាក្នុងប្រទេសវៀតណាម នឹងត្រូវលុបបំបាត់ទីផ្សារសត្វព្រៃ ឬ ទីតាំងជួញដូរ រក្សាការគ្រប់គ្រង និងចាត់ចែងឲ្យបានម៉ឺងម៉ាត់នូវការប្រម៉ាញ់ខុសច្បាប់ ការទិញលក់ ការដឹកជញ្ជូន ការសម្លាប់សត្វ ការរក្សាទុក ការផ្សាយពាណិជ្ជកម្ម និងការរំលោភបំពានសត្វព្រៃជាពិសេសសត្វបក្សី និងសត្វល្មូននៅក្នុងបរិស្ថានធម្មជាតិ។

លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តី បានណែនាំក្រសួងនិងអាជ្ញាធរដែនដី បង្កើនការត្រួតពិនិត្យលើការចិញ្ចឹមសត្វ និងបង្កើនការប្រយុទ្ធប្រឆាំង នឹងការបំពានបទប្បញ្ញត្តិទាក់ទងនឹងសត្វព្រៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here