ភ្នំពេញ ៖ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ បង្កើនសមត្ថភាពបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍបណ្ឌិត្យសភានគរបាល ឲ្យស្របតាមស្តង់ដារ គុណភាពជាតិនិងអន្តរជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអំពាវនាវ ទៅដល់ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ ត្រូវបង្កើនសមត្ថភាព អភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូ និងមន្រ្តី ការអភិវឌ្ឍធនធានរូបវន្តនិងធនធានសិក្សា ការស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល កិច្ចសហការប្រតិបត្តិការ អន្តរជាតិ និងការពង្រឹងវិន័យអ្នកសិក្សា ក្នុងការឈានទៅសម្រេចបានជោគជ័យលើការអនុវត្តផែនការ យុទ្ធសាស្ត្រ៥ឆ្នាំរបស់ខ្លួន ដើម្បីកសាងវប្បធម៌គុណភាពនិងលើកម្ពស់សមត្ថភាពវិជ្ជាជីវៈកម្លាំងនគរ បាល ជាតិ ស្របតាមតម្រូវការរបស់សង្គមជាតិ ព្រមទាំងធានាបាននូវភាពម្ចាស់ការលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិក្នុងនាពេលអនាគត។

ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្ត របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៤ កក្ដដា នេះនៅបណ្ឌិត្យសភានគរបាលកម្ពុជា ដីឥដ្ឋ ខេត្តកណ្ដាល ឯកឧត្ដម នាយឧត្ដមសេនីយ៍ បានថ្លែងបញ្ជាក់ថា សន្និបាតនេះ គឺឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនិងសមិទ្ធផលធំៗនានា ជាប្រវត្តិសាស្រ្តរបស់បណ្ឌិត្យសភា ព្រមទាំងបង្ហាញអំពីបទពិសោធន៍ការងារល្អៗ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ដែលជាមូលដ្ឋាននៃការកែលម្អក្នុងអនុវត្ដផែនការយុទ្ធសាស្រ្ត ៥ឆ្នាំដំណាក់កាលទី២ (២០១៩-២០២៣)របស់ខ្លួនឱ្យបានជោគជ័យបន្ថែមទៀត ដើម្បីឈានទៅសម្រេច ផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនិងនេះ ឯកឧត្តម ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់នៃបណ្ឌិត្យសភាដែលមានគំនិតនវានុវត្តន៍ មានឆន្ទៈការងារមោះមុត និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីអភិវឌ្ឍបណ្ឌិត្យសភា ឱ្យស្របតាមស្ដង់ដាគុណភាពជាតិ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here