ប៉ូលីសអ៉ីតាលីកំពុងស៊ើបអង្កេតរឿងក្តីដ៏ធំមួយ ពាក់ព័ន្ធមន្ត្រីកងអាវុធហត្ថអ៉ីតាលី ខារ៉ាប៊ីនីរី (Carabinieri) ៧នាក់ លួចរត់ពន្ធគ្រឿងញៀន និងចាប់មនុស្សធ្វើទារុណកម្មដោយខុសច្បាប់

អន្តរជាតិ៖ យោងតាមសារព័ត៌មាន RT នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញផ្សាយថា មន្ត្រីប៉ូលីសចំនួន ០៧នាក់ មកពីកងអាវុធហត្ថអ៉ីតាលី ខារ៉ាប៊ីនីរី (Carabinieri) ត្រូវបានឃាត់ខ្លួន ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការលួចរត់ពន្ធគ្រឿងញៀន និងចាប់ខ្លួនមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្ម ។ ខណៈដែលបច្ចុប្បន្ននេះ ស្ថាប័នប៉ូលីសអ៉ីតាលី កំពុងស៊ើបអង្កេតរឿងក្តីដ៏ធំមួយនេះ ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះប៉ូលីស ០៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំង និងម្នាក់ទៀតត្រូវបានដាក់ឲ្យក្រោមការឃុំខ្លួននៅក្នុងផ្ទះ។ មិនតែប៉ុណ្ណោះ រដ្ឋអាជ្ញាអ៉ីតាលីនៅក្នុងទីក្រុង ភីយ៉ាសិនហ្សា (Piacenza) បានសម្រេចចិត្តបិទការិយាល័យមួយ របស់កងអាវុធហត្ថអ៉ីតាលី Carabinieri ជាផ្នែកមួយនៃការស៊ើបអង្កេតស្វែងរកការពិតថា៖ តើប៉ូលីសទាំង ០៧នាក់ខាងលើនេះ ពិតជាបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់ដែរឬទេ។

សូមជម្រាបថា ក្រោយផ្ទុះរឿងអាស្រូវ កងអាវុធហត្ថអ៉ីតាលី Carabinieri បានក៏សម្រេចចិត្តព្យួរការងារប៉ូលីសទាំង ០៧នាក់នេះផងដែរ ជាមួយការសន្យាថា នឹងដាក់ពិន័យធ្ងន់ធ្ងរលើអ្នកទាំងនោះ បើសិនជាពួកគេធ្វើខុស ដូចការចោទប្រកាន់មែននោះ៕

Leave a Reply

Your email address will not be published. Required fields are marked *