ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ និងជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនជាតិចិន ចំនួន១១នាក់ ពីបទចាប់ជំរិតមនុស្សទារប្រាក់ និងបទបង្ខាំងមនុស្សដោយខុសច្បាប់ រួចហើយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរតាមនីតិវិធី។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែកក្កដាថ្មីៗនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យចំនួន១១នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ក្រុមចិនទាំងនោះ បានធ្វើសកម្មភាពចាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នាម្នាក់ ដោយជំរិតទារប្រាក់ ចំនួន៣១ម៉ឺនយ័ន (លុយចិន) នៅខណ្ឌច្បារអំពៅ ។ ប៉ុន្តែត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែងកាលពីល្ងាចថ្ងៃទី១៧ ខែកក្កដាកន្លងទៅ ស្ថិតក្នុងផ្ទះលេខ៣២២ ផ្លូវ៩៥៦ ភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមមន្រ្តីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនជាតិចិន១១ខាងលើនេះ គឺកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យទាំងអស់ និងរំដោះជនរងគ្រោះម្នាក់ ជាជនជាតិចិន ។ បន្ទាប់ពីរំដោះបានជនរងគ្រោះ ដោយស្ថានភាពត្រូវបានក្រុមជនសង្ស័យវៃធ្វើបាប និងដាក់ខ្នោះផងដែរ ហើយរាងកាយញ័រអស់ហើយ ដើម្បីជំរិតទារប្រាក់ចំនួន៣១ម៉ឺនយ័ន ស្មើនិងជិត ៥ម៉ឺនដុល្លារ ។

ក្រោយប្រតិបត្តិការរួច កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ដំបងឆក់ចំនួន២ដើម, ខ្នោះដៃមួយ, ទូរស័ព្ទ ១៧គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនជាតិចិន ចំនួន១១នាក់ ពីបទចាប់ជំរិតមនុស្សទារប្រាក់ និងបទបង្ខាំងមនុស្សដោយខុសច្បាប់ រួចហើយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here