លោក តាំង សុខឃី អនុប្រធានកិត្តិយសសាខា កាកបាទក្រហមខេត្តកណ្ដាល រៀបចំអាហារជូន ជនមានពិការភាពនៅក្នុង សមាគមន៍តន្រ្តីសំនៀងជនពិការចំនួន ១៧៥ គ្រួសារ

ភ្នំពេញ ៖ លោក តាំង សុខឃី ដែលតែងតែបង្ហាញវត្តមានជាមួយការងារសង្គម ជាមួយជនទីទាល់ក្រ កុមារកំព្រា ចាស់ជរា ជាពិសេស ជាមួយបងប្អូនកូនកក្មួយដែលជាជនពិការ លោកបានខិតខំយកចិត្តទុកដាក់ មិនដែលមើលរំលងនោះទេ។

លោក តាំង សុខឃី បានរៀបរាប់ទាំងសប្បាយចិត្ត នៅហ្វេសបុកផ្ទាល់ថា ៖ ចំំពោះការងារមនុស្សធម៌ និងការងារចូលរួមចំណែកជួយសង្គម ខ្ញុំពេញចិត្តធ្វើជារៀងរហូតដោយឥតជិនណាយ ។ ថ្ងៃនេះខ្ញុំបាទបានចំណាយថវិការៀបចំអាហារទទួលជនមានពិការភាពនៅក្នុងកម្មវិធីផ្តល់ប័ណ្ណសមធម៌ ជូនដល់ជនមានពិការភាពនៅក្នុង សមាគមន៍តន្រ្តីសំនៀងជនពិការចំនួន ១៧៥ គ្រួសារ ថែមទាំងបានចំណាយលើការជួលរោង តុ កៅអី ចាន ឆ្នាំង និងកង្ហារ សម្រាប់ជូនបងប្អូន ក្មួយៗបានអង្គុយពិសារអាហារ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដោយក្តីសប្បាយរីករាយ។

សូមបញ្ជាក់ផងដែរថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញសេចក្ដីសម្រេច តែងតាំង លោក តាំង សុខឃី ជាអនុប្រធានកិត្តិយសសាខា កាកបាទក្រហមខេត្តកណ្ដាល សម្រាប់អណត្តិទី៥ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ។

យោងតាមលិខិត ដែលទើបតែទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា យោងទៅតាមតម្រូវការចាំបាច់ របស់កាកបាទក្រហមកម្ពុជា ជាពិសេសសាខាកាកបាទក្រហម ប្រចាំខេត្តកណ្ដាល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្រេចតែងតាំង មនុស្ស៣នាក់បន្ថែមទៀត មានដូចជា៖
ទី១៖ លោកស្រី សំប៊ូរ សុម៉ាលី ជាអនុប្រធានកិត្តិយស
ទី២៖ លោកឧកញ៉ា ង៉ូវ ស៊្រុន ជាអនុប្រធានកិត្តិយស
ទី៣៖ លោក តាំង សុខឃី ជាអនុប្រធានកិត្តិយស។

លោក តាំង សុខឃី បានថ្លែងថា លោកពិតជាសប្បាយរីករាយ ដែលបានផ្ដល់កិត្តិយសយ៉ាងធំធេង ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតាំងរូបលោកជា អនុប្រធានកិត្តិយស សាខា កាកបាទក្រហម ប្រចាំខេត្តកណ្ដាល ខណៈដែលរូបលោក គឺជាមនុស្សដែលចូលចិត្តធ្វើការងារសង្គម ការងារមនុស្សធម៌នេះស្រាប់។ លោកបានតាំងចិត្តថា នឹងបន្តកិច្ចការនេះ ជាមួយនឹងទំនុកចិត្តខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងងាយរងគ្រោះ និងជួបហានិភ័យផ្សេងៗ ឲ្យទាន់ពេលវេលា និងអស់ពីកម្លាំងកាយចិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *