ព្រះសីហនុ ៖ ប្រជាពលរដ្ឋ និងប្រជានេសាទដែលរស់នៅក្នុងស្រុកស្ទឹងហាវក៏បានសូមអំពាវនាវដល់អាជ្ញាធរខេត្តព្រះសីហនុដូចជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យមានការគាំទ្រចំពោះការអភិវឌ្ឍថ្មីរបស់អ៊ូរទូកនៅស្ទឹងហាវ ដែលមានរីកចម្រើនតទៅមុខ ព្រោះជាដង្ហើមសេដ្ឋកិច្ចរបស់បងប្អូនប្រជានេសាទទាំងស្រុង ហើយក៏បម្រើប្រយោជន៍ដល់ប្រជានេសាទតាមបណ្ដាខេត្តមួយចំនួននៅជាប់ដែនសមុទ្រក្នុងប្រទេសកម្ពុជា បង្កឲ្យមានភាពងាយស្រួលដល់ពួកគាត់មិនបាច់នាំទូកទៅជួសជុលធ្វើការជួសជុលនៅឯក្រៅប្រទេសឡើយ។

យានដ្ឋានជួសជុលទូកនិងដំឡើងទូក(អ៊ូរទូក)មួយកន្លែងនៅស្រុកស្ទឹងហាវបានកើតឡើងតាំងពីឆ្នាំ 1984 ដែលពីមុនមិនមានការអភិវឌ្ឍន៍ឲ្យមានភាពរីកចម្រីន ដូចពេលបច្ចុប្បន្ននេះទេ ។ យើងឃើញថា ពេលមានការអភិវឌ្ឍអ៊ូរទូកថ្មី ទើបមានកំណើនសេដ្ឋកិច្ចនៅក្នុងសហគមន៍បានរីកចម្រើនដូចសព្វថ្ងៃ ព្រោះតែពឹងផ្អែកលើការនេសាទ ដូច្នេះហើយប្រជានេសាទត្រូវការជាចាំបាច់អោយមានយានដ្ឋានជួសជុលនិងដំឡើងទូកនៅក្នុងមូលដ្ឋានរបស់ពួកគាត់។

ប្រជានេសាទសមុទ្រនៅស្រុកស្ទឹងហាវបច្ចុប្បន្នកំពុងចង់ឃើញយានដ្ឋានជួសជុលនិងដំឡើងទូកឬអ៊ូរទូកមានលក្ខណៈស្តង់ដាបច្ចេកទេសដោយមិនបាច់ឱ្យពួកគាត់យកទូកទៅជួសជុលនៅឯក្រៅប្រទេស ដែលចំណាយថវិកានិងពេលវេលាច្រើននោះឡើយ ។

បើតាមលោកអ៊ុង ឆាលី អភិបាលរងស្រុកស្ទឹងហាវបានអះអាងថា ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោកភាគច្រើនជាអ្នកនេសាទសមុទ្រដូច្នេះពួកគាត់ត្រូវប្រើប្រាស់ទូកមានតូច មានធំ ដើម្បីធ្វើនេសាទចិញ្ចឹមជីវិត។ កំណើនសេដ្ឋកិច្ចនៅក្នុងសហគមន៍បានរីកចម្រើនដូចសព្វថ្ងៃ ព្រោះតែពឹងផ្អែកលើការនេសាទ ដូច្នេះហើយប្រជានេសាទត្រូវការជាចាំបាច់អោយមានយានដ្ឋានជួសជុលនិងដំឡើងទូកនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដោយមិនចាំបាច់ត្រូវជួសជុលនៅទីឆ្ងាយនោះឡើយ ឬត្រូវឆ្លងទៅប្រទេសជិតខាង ។

លោកអភិបាលរងស្រុកបានបន្ថែមថា អ៊ូរទូកនៅស្ទឹងហាវនេះក្រៅពីជួយប្រជានេសាទនៅក្នុងសហគមន៍ឲ្យមានការងារធ្វើ ដែលមានចំណូលខ្ពស់ ប្រជាពលរដ្ឋអ្នកនេសាទងាយស្រួលក្នុងការជួសជុលទូកដោយមិនចាំបាច់ឆ្លងទៅប្រទេសជិតខាងដែលមានហានិភ័យខ្ពស់នោះឡើយ។ ការចំណាយពេលវេលានិងប្រាក់កាសជួសជុលនៅក្រៅប្រទេសមានផលលំបាកជាច្រើន។ ដូច្នេះអ្នកនេសាទភាគច្រើនលើសលប់នៅតំបន់មាត់សមុទ្រចង់ឃើញយានដ្ឋានជួសជុលនិងដំឡើងទូកនៅស្រុកស្ទឹងហាវមានលក្ខណៈស្តង់ដាពោលគឺអាចជួសជុលបានទាំងទូកតូចនិងធំ។

ចំណែកលោកព្រហ្ម ប៊ន មេការជួសជុលទូកនៅស្ទឹងហាវដែលមានបទពិសោធន៍ក្នុងការជួសជុលទូកជាយូរឆ្នាំមកហើយនោះបាននិយាយថា យានដ្ឋានជួសជុលទូកស្ទឹងហាវនេះទើបតែមានលក្ខណៈស្តង់ដារក្នុងរយៈពេល៧ទៅ៨ ខែនេះ ពោលគឺគេអាចទទួលជួសជុលទូកដែលមានចំណុះរហូតដល់ជាង 200 តោន។ មេការរូបនេះបន្ថែមថា នៅទីនេះអាចជួសជុលបានទូកគ្រប់ប្រភេទ ប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យទូកទាំងនោះ ឡើងគោកបាន។ ប្រការនេះត្រូវធ្វើយានដ្ឋានឱ្យមានលក្ខណៈស្តង់ដាទៅតាមទំហំទូក ពោលគឺត្រូវមានជម្រៅទឹកជ្រៅទើបអាចឪ្យទូកធំៗចូលមកយានដ្ឋានបាន ។

ប្រជាពលរដ្ឋស្រុកស្ទឹងហាវមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថា ប្រជាពលរដ្ឋអ្នកនេសាទជួបការលំបាកនៅពេលទូកខូចម្តងៗត្រូវយកទៅជួសជុលនៅប្រទេសជិតខាង ប៉ុន្តែឥឡូវនេះយើងមានកន្លែងជួសជុលនៅក្នុងមូលដ្ឋានស្រាប់ ដូច្នេះមិនចាំបាច់ចំណាយពេលវេលាធនធានឆ្លងដែនទៅជួសជុលទូកនៅឯប្រទេសជិតខាងឡើយ។ យានដ្ឋានជួសជុលទូកនៅស្ទឹងហាវសព្វថ្ងៃនេះអាចឡើងទូកបានដែលមានចំណុះរហូតដល់ 200 តោន។ លោកអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរាជរដ្ឋាភិបាលជួយគាំទ្រឲ្យយានដ្ឋានជួសជុលនិងដំឡើងទូកនៅស្រុកស្ទឹងហាវសព្វថ្ងៃនេះក្លាយជាកន្លែងជួសជុលទូកដឹកជញ្ជូននិងទូកនេសាទៅតាមស្តង់ដារ ។

កម្មករជួសជុលទូកពួកគាត់រីករាយក្នុងការធ្វើកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួនព្រោះមានចំណូលគួរសម។ ពួកគេនិយាយថា ក្នុងមួយថ្ងៃពួកគេអាចរកចំណូលបានយ៉ាងហោចណាស់ 6 ម៉ឺនរៀល សម្រាប់យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ដូច្នេះបើមានទូកច្រើនគ្រឿងចូលមកជួសជុលមានន័យថាជីវភាពរស់នៅប្រចាំគ្រួសាររបស់ពួកគេម្នាក់ៗក៏ប្រសើរឡើងដែរ។ និយាយរួមទៅអ៊ូរទូកស្ទឹងហាវបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវបានយ៉ាងច្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ថ្មីៗកន្លងទៅនេះលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីស្ដីអំពីវឌ្ឍនភាពនិងទិសដៅការងាររបស់ខេត្ត លោកថា អ៊ូរទូកនៅស្ទឹងហាវនោះបានកើតឡើងជាយូរណាស់មកហើយដូច្នេះលោកត្រូវសិក្សាឲ្យបានច្បាស់លាស់មិនមែនចេះតែធ្វើអ្វីតាមតែការលើកឡើងរបស់មជ្ឈដ្ឋានខាងក្រៅទេ។ ក្រោយមកលោកអភិបាលខេត្តក៏បានបញ្ជារឲ្យអភិបាលរងខេត្តមួយរូបចុះពិនិត្យវាយតម្លៃនៅអ៊ូរស្ទឹងហាវរួចមកហើយ ឃើញថា អាចដំណើរការបាន ។

គួររំលឹកថា អ៊ូរទូកស្ទឹងហាវកាលពីអតីតកាលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ពោលគឺគណបក្សប្រជាជនកម្ពុជាតាំងពីទសវត្សរ៍ទី 80 ក្នុងការជួយជួសជុលនាវាកងទ័ពជើងទឹកធុនតូចជាច្រើនគ្រឿង។ ប៉ុន្តែបច្ចុប្បន្ននេះកងទ័ពជើងទឹកកម្ពុជាយើងមានទីកន្លែងសម្រាប់ជួសជុលនាវារបស់ខ្លួនហើយ។

សូមជម្រាបថា ទាំងប្រជាពលរដ្ឋ ប្រជានេសាទក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកស្ទឹងហាវបានយល់ឃើញថា យានដ្ឋានជួសជុលនិងដំឡើងទូកនៅក្នុងមូលដ្ឋានរបស់ខ្លួនជាដង្ហើមសេដ្ឋកិច្ចសម្រាប់អ្នកនេសាទសមុទ្រ។ ដូច្នេះអាជ្ញាធរ និងរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ គូររៀបចំយានដ្ឋានមួយនេះឱ្យស្របតាមស្តង់ដារដែលអាចឱ្យទូកអ្នកនេសាទនិងទូកដឹកទំនិញគ្រប់ប្រភេទចូលមកជួសជុលបានដោយស្រួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here