អន្តរជាតិ៖ សម្រាប់ករណីឆ្លង COVID-19 ក្នុងពេលបីថ្ងៃជាប់ៗគ្នា នៅសហរដ្ឋអាមេរិក ត្រូវបានគេកត់សម្គាល់ឃើញថា មានការកើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មាន ។ ដោយគិតក្នុងរយៈពេលមួយថ្ងៃៗប៉ុណ្ណោះ អាមេរិកបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ ចំនួន ៧៧,៦៣៨ករណី និងអ្នកស្លាប់ ៩២៧នាក់បន្ថែម ដែលជាការបំបែកកំណត់ត្រាថ្មីមួយទៀត សម្រាប់ករណីឆ្លង ។

យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រុមអ្នកជំនាញបានសន្មត់ថា សហរដ្ឋអាមេរិកនៅមិនទាន់បានឆ្លងផុត ដំណាក់កាលទី ១ នៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅឡើយទេ ដ្បិតថាករណីឆ្លងថ្មីៗនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានការកើនឡើងជាខ្លាំង ជាពិសេសនៅតាមបណ្តារដ្ឋភាគខាងត្បូង និងខាងលិច ក្រោយការដកចេញវិញ នូវវិធានការរឹតត្បិតដែលខ្លួនបានដាក់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19 លឿនពេក។

គួរបញ្ជាក់ថា សម្រាប់ទីក្រុងឡូសអែនជេឡែស (Los Angeles) នៃរដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៤,៥៩២ករណីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅឡូសអែនជែឡែស) ដែលជាការបំបែកកំណត់ត្រាថ្មីមួយផងដែរ សម្រាប់ទីក្រុងនេះ។ ចំណែកឯនៅរដ្ឋតិចសាស (Texas ) និងរដ្ឋអារីហ្សូណា (Arizona)ឯណោះវិញ ដែលត្រូវបានគេចាត់ទុកថា បាននិងកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនោះ អាជ្ញាធរនៃរដ្ឋទាំងនេះកំពុងមមាញឹកជាខ្លាំង ក្នុងការរៀបចំរថយន្តដឹកទូរបង្កក ដើម្បីចាត់ចែងសាកសព្វអ្នកជំងឺ COVID-19។

បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជាង ៣.៧លានករណី ក្នុងនោះស្លាប់ជាង ១៤ម៉ឺននាក់ និងជាសះស្បើយជាង ១.៧លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here