ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា បន្ទាប់ពីការនាំចេញចេកអំបូងលឿងពីកម្ពុជា កាន់តែល្អប្រសើរហើយនោះ នៅថ្ងៃអនាគតខាងមុខ កម្ពុជាមានទិសដៅនាំចេញបន្តទៅកាន់ទីផ្សារអឺរ៉ុប អាស៊ី អូសេអានី និងទីផ្សារដ៏សំខាន់មួយទៀតគឺនៅប្រទេសចិន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី១៨ កក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្នុងដំណើរទស្សន កិច្ចកសិដ្ឋានផលិតចេកអំបូងលឿងសម្រាប់នាំចេញរបស់វិស័យឯកជន ស្ថិតនៅស្រុកឈូក ខេត្តកំពត ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្ម រចនាសម្ព័ន្ធវេចខ្ចប់ និងការកែច្នៃសម្រាប់នាំចេញ ។

ក្នុងដំណើរទស្សន កិច្ចកសិដ្ឋានផលិតចេកអំបូងលឿងខាងលុំនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កសិករ ផលិតករ សហគមន៍ សមាគម និងក្រុមហ៊ុនផលិតចេក ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តតាមសៀវភៅបន្ទុក ដូចជា៖ ការផលិតមានអនាម័យខ្ពស់ ការវេចខ្ចប់ ការរក្សាទុក និងមិនប្រើប្រាស់សារធាតុគីមីហាមឃាត់ជាដើម ដើម្បីធានាទាំងគុណភាព និងអនាម័យខ្ពស់ដែលមិនប៉ះពាល់សុខភាពអ្នកបរិភោគ និងរក្សាកំណើនបរិមាណនាំចេញ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានណែនាំឲ្យបុគ្គលិកបម្រើការងារក្នុងកសិដ្ឋានទាំងអស់ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារ និងបង្កើនភាពប្រុងប្រយ័ត្ន ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុន ក្នុងការធានាដល់គុណភាព និងនិរន្តរភាពនៃទីផ្សារ ហើយក៏ជាប្រយោជន៍ដល់ខ្លួនឯងដែរ ក្នុងការធានាដល់ការរក្សាការងារ និងបង្កើនសមត្ថភាពឲ្យកាន់តែរីកចម្រើន និងទូលំទូលាយ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងទៅ កម្ពុជាបាននាំចេញចេកសរុបប្រមាណជាង ១៥ម៉ឺនតោន គិតជាទឹកប្រាក់សរុបប្រមាណជិត ៦០លានដុល្លារ ទៅកាន់ទីផ្សារអាស៊ី និងអូសេអានី។ ដោយឡែក គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ ការនាំចេញចេកមានចំនួនជាង ១៤ម៉ឺនតោន ស្មើនឹងទឹកប្រាក់ប្រមាណជាង ៦៨លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here