កំពង់ធំ ៖ ជម្លោះក្នុងគ្រួសារបីជំនាន់ រហូតដល់បែងចែកបក្សពួកពលរដ្ឋក្នុងភូមិជាពីរក្រុម កែនគ្នាមកតវ៉ា ក្នុងវេទិការសាធារណៈ រឿងបើកផ្លូវ និងបិទផ្លូវ រួមទាំងបានដកហូតដីស្រែរបស់ប្រជាពលរដ្ឋធ្វើស្រែពីរតំណរហើយ ដាក់ជាសម្បត្តិរដ្ឋ ដោយមេភូមិឆ្លៀតឱកាសពេលចុះបញ្ជីដីធ្លីជាប្រព័ន្ធ។ ពលរដ្ឋម្ខាងថា ដីនេះជាដីផ្លូវឯកជន (ដោយមានកំណត់ហេតុឃុំ និងស្រុកទទួលស្គាល់) ជាដីកេរ្តិ៍ដំណែលពីដូនតាមក មិនមែនជាផ្លូវរួមទេ ប៉ុន្តែភាគីមេភូមិដែលជាដើមបណ្តឹងគៀងគប្រជាពលរដ្ឋដែលនៅឆ្ងាយៗពីទីតាំងដី អះអាងថាជាផ្លូវចាស់ពីមុនទៅវិញ និងថាមិនមែនជាដីស្រែទេ តែជាត្រពាំងរដ្ឋឈ្មោះត្រពាំងវែង។ ប៉ុន្តែបើមើលតាមរូបភាពឃើញថាមិនមែនជាគន្លុកត្រពាំងទឹកអ្វីទេ គឺជាដីស្រែ។

នៅក្នុងវេទិការសាធារណៈ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅទីទួលអ្នកតាជ័យ ក្នុងភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានការចូលរួមពីលោក ប៊ូ ម៉ឺន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំសាន់គរ លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ លោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ លោកមេភូមិ មេឃុំ រួមទាំងប្រជាពលរដ្ឋ នៅក្នុងភូមិជ័យ ជាច្រើនរូបផងដែរ។

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានថ្លែងនៅក្នុងវេទិការនោះថា ប្រធានបទថ្ងៃនេះ គឺរឿងត្រពាំងវែង និងរឿងបើកផ្លូវដែលបានបិទកន្លងទៅ ដែលជាផ្លូវរទេះចុះទៅ ត្រពាំងវែង មានទំហំ៥ហិកតា។ ហើយការដោះស្រាយជាច្រើនលើកច្រើនសារដែរ ប៉ុន្តែហាក់ដូចមិនត្រូវគ្នា។ លោកបន្តថា ក្នុងថ្ងៃនេះអ្វីដែខ្ញុំចង់បាន គឺជាការសម្រេចចិត្តរបស់បងប្អូន ក្នុងនាមខ្ញុំជាអាជ្ញាធរ ជាអ្នកនាំពាក្យឬក៏ធ្វើដំណើរ ទៅឯកឧត្តមអភិបាលខេត្ត ដែលជាប្រធានគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ជាអ្នកសម្រេចក្នុងការកាត់ដីរដ្ឋអោយបងប្អូន តាមលក្ខណៈសម្បទានសង្គមកិច្ចក្តី ឬក៏តាមនីតិវិធីផ្សេងៗ គឺត្រូវឆ្លងគណៈកម្មការគ្រប់គ្រងដីរដ្ឋ របស់ខេត្ត។

ប្រជាពលរដ្ឋថា លោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ ដែលជាអ្នកសម្របសម្រួលដោះស្រាយទំនាស់កន្លងមកធ្វើការបែបត្រលប់ត្រលិន និងក្នុងទម្រង់ផ្តាច់ការ។ ដំបូងឡើយមន្ត្រីរូបនេះសម្រេចទទួលស្គាល់ថាពុំមានផ្លូវសាធារណៈ នៅចន្លោះផ្ទះឈ្មោះ ប្រែង និត និងប៊ូ ឡោ ចំណែកដីត្រពាំងវែងក៏សម្រេចផ្តល់ជូន អោយមកពលរដ្ឋទាំងពីររូប ផ្អែកតាមការពិតនៃការកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ ហើយពុំមានដំណុះត្រពាំង (ពុំមែនជាដីត្រពាំងទេ តែជាដីគោកធ្វើស្រែ)។ ប៉ុន្តែក្រោយមក បែរជាលោក ដោះស្រាយម្តងទៀត មានលក្ខណៈជាការចាប់បង្ខំឱ្យមានការបើកផ្លូវ និងប្រគល់ដីស្រែប្រជាពលរដ្ឋដាក់ជាសម្បត្តិរដ្ឋ។ បន្ទាប់មកក៏ចុះអនុវត្តបើកផ្លូវ ទើបពលរដ្ឋទាំងពីរគ្រួសារ តវ៉ាជំទាស់ ហើយក៏មានកិច្ចព្រមព្រៀងចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ នៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងនោះ បញ្ជាក់ច្បាស់ថា គូភាគី នឹងធ្វើការដោះស្រាយបន្តទៀត ដោយពលរដ្ឋរងគ្រោះទាំងពីររូបរងចាំលទ្ធផលនៃការបិទផ្សាយទិន្នន័យក្បាលដីពីខាងសុរិយោដី សម្រេចធ្វើការតវ៉ាជាផ្លូវការ។ ប៉ុន្តែ ស្រាប់តែអភិបាលស្រុកចេញលិខិតសម្រេចបង្កើតគណៈកម្មាការគ្រប់គ្រងដីស្រែប្រជាជនថាជាដីរដ្ឋ។ ករណីនេះ អំពើយកដីស្រែប្រជាជនដាក់ជារបស់រដ្ឋ ទាំងមិនមានប្រយោជន៍សម្រាប់សហគមន៍ ហើយបិតផ្លូវតវ៉ា និងបង្ខំឱ្យភាគីម្ខាងទទួលយក។

លោកស្រី ប៊ូ ឡោ បានអោយដឹងក្នុងវេទិការសាធារណៈថា ដីត្រពាំងវែងនេះគាត់ធ្វើស្រែ តគ្នាចំនួន៣ត្រកូលហើយ ចុះមូលហេតុអ្វីបានជាលោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ ដឹកនាំកំលាំងចុះចាប់ ត្រាក់ទ័រមិនអោយ ធ្វើស្រែ ហើយដកដីរបស់ខ្ញុំដាក់សម្បត្តិរដ្ឋ ប៉ុន្តែខ្ញុំមិនបានអោយ ហើយក៏មិនដែលមានអ្នកណាមកសួរនាំ ហើយលោកអភិបាលរងបានយក អាអ៊ិច មកចញ្ច្រាំរោងចិញ្ចឹមត្រី ដែលស្រះនេះ លោកស្រីជីកអស់រយៈពេលជាង២០ឆ្នាំមកហើយ មិនដែលមានអ្នកមកតវ៉ាមិនអោយជីកនោះទេ។ ក្រៅពីជីកបំផ្លាញដី កាយប្រឡាយហើយ លោក គី សាវុធថា បាននាំគ្នាបូមត្រីរបស់ខ្ញុំទៀត ហើយអង្គុយហូបនៅនឹងមាត់ស្រះនោះទៀត។
នៅក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែក លោកស្រីប៊ូឡោ បានលើកឡើងថា ការធ្វើបែបនេះ អយុត្តិធម៌ខ្លាំងណាស់មកដកហូតដីស្រែខ្ញុំធ្វើជារបស់រដ្ឋ ដីស្រែនេះ គ្រួសារខ្ញុំ និងកូនៗខ្ញុំមានអនុស្សារីយ៍ដែលមិនអាចកាត់ផ្តាច់គ្នាបាន។

ចំណែកអ្នកស្រី ប្រែង និត ជាម្ចាស់ដីផ្លូវដែលមានទំនាស់ ក៏បានអោយដឹងថា ដីនេះជាដីផ្លូវឯកជន របស់កុងខ្ញុំតាំងពីដើមមក រឿងរ៉ាវនេះកើតឡើង ដោយសារ កូនប្តឹងឪពុក ហើយកុងក៏បានបិទ មិនមែនជាផ្លូវសាធារណៈទេ។ ហើយលោក គី សាវុធថា និងមនុស្សមួយចំនួន បាននាំគ្នាទៅកាច់របងខ្ញុំ ហើយជីកដីរបស់ខ្ញុំទៀត។
អតីតមេភូមិជ័យអះអាងថា មិនដឹងថាមានការធ្វើស្រែលើដីត្រពាំងនោះពីមុនមកទេ ប៉ុន្តែលោកមេភូមិថ្មី បែរជាថា ពិតជាមានការធ្វើស្រែជាយូរឆ្នាំមកហើយដោយលោកស្រីប៊ូឡោ និងក្រុមគ្រួសារគាត់ជំនាន់មុន។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឈ្មោះ ប៊ូ ឡោ និង ឈ្មោះ ប្រែង និត បានអោយដឹងថា កាលពីព្រលប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ មានលោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ បានដឹកនាំញុះញង់ ឱ្យមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន (ការបំផ្លាញរបង) នៅលើដីក្រោយផ្ទះ។ នៅក្នុងហេតុការណ៍នោះដែរ ក៏មានសាក្សីជាច្រើនរូប មានលោកមេភូមិ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋមួយចំនួន ដោយមាន (វីដេអូឃ្លីបជាភស្តុតាងផងដែរ)។ លើសពីនេះថែមទៀត លោកអភិបាលរងស្រុកក៏ដឹកនាំជនមួយចំនួនបានទៅលួចត្រី (អំពើលួច) ក្នុងស្រះដែល ឈ្មោះ ប៊ូ ឡោ ជាអ្នកជីក គ្រប់គ្រង និងអាស្រ័យផលកន្លងមកផងដែរ។ អំពើទាំងអស់ខាងលើនេះ ជាបទល្មើសព្រហ្មទណ្ឌ ជាអំពើប្រើអំណាចដោយបំពាន និងជាសកម្មភាពគម្រាមគំហែងបំផិតបំភ័យ ដាក់គំនាបលើប្រជាពលរដ្ឋស្លូតត្រង់។

បើយោងតាមកំណត់ហេតុរបស់ក្រុមប្រឹក្សាឃុំសាន់គរ និងកំណត់ហេតុរបស់លោកគី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ បានសរសេរថា ផ្លូវនេះជាផ្លូវឯកជន មិនមែនជាផ្លូវសាធារណៈទេ ដូច្នេះគាត់ (ពលរដ្ឋទាំងពីររូប) មានសិទ្ធបិទវិញបាន។ ពាក់ព័ន្ធដីត្រពាំងវែង តាមលោកមេឃុំចាស់ ជួ សួន បានស្រាយបំភ្លឺថា ដីត្រពាំងវែង ទទឹង១០០ម៉ែត្រ បណ្តោយជាង៤០០ម៉ែត្រ ដែលជាទីអាស្រ័យផល សត្វពាហនៈកន្លងមក តាមការពិភាក្សាថ្នាក់ឃុំ បានសម្រេចផ្តល់ដីនេះ អោយទៅពីរគ្រួសារនេះ ពីព្រោះដីត្រពាំងនេះ ប្រជាពលរដ្ឋធ្វើស្រែរាប់ឆ្នាំមកហើយ ហើយមិនមានស្លាកស្នាមដំណុះត្រពាំងទេ។

លោកគី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ បានឆ្លើយតបថា លោកទទួលស្គាល់ថាលោកពិតជាបាន ចុះហត្ថលេខា លើកំណត់ហេតុលើកទី១នោះមែន ប៉ុន្តែសូមពិនិត្យអោយបានច្បាស់ គឺលោកបានដាក់ថា បានឃើញ មិនមែនចុះហត្ថលេខា ឯកភាពនោះទេ។ ហើយការបូមស្រះចាប់ត្រីលោកក៏បានធ្វើមែន កាច់របងក៏លោកបានធ្វើដែរ ដោយលោកសំអាងថា ភាគីម្ចាស់ដីត្រពាំងវែងនេះ បានយល់ព្រមប្រគល់ដី មកអោយរដ្ឋហើយ បើយល់ព្រមប្រគល់នេះមកអោយរដ្ឋហើយ ក្នុងនាមលោកជាអាជ្ញាធរ របស់រដ្ឋ លោកមានសិទ្ធ ក្នុងការ ការពារដីរបស់រដ្ឋ។

ក្នុងវេទិការសាធារណៈនោះដែរ ក៏មានប្រជាពលរដ្ឋបានស្នើទៅលោកអភិបាលស្រុកកំពង់ស្វាយ សុំផ្លាស់ប្តូរនិងបោះឆ្នោតរើស មេភូមិ និងអនុភូមិថ្មី។

ចុងបញ្ចប់នៃកម្មវិធីវេទិការសាធារណៈ លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ ក៏បានសម្រេច អោយមានការបើកផ្លូវ និងដាក់ត្រពាំងជារបស់រដ្ឋ ដោយសំអាងលើមតិជាច្រើនរបស់ពលរដ្ឋដែលបានចូលរួម និងអនុញ្ញាតិម្ចាស់ដីដែលមានទំនាស់ទាំងពីរ ដាក់ប្តឹងបន្ត ទៅកាន់គណៈកម្មវិវាទដីធ្លីខេត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here