ភ្នំពេញ៖ ទីតាំងលបលួចបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែងនៅក្បែរច្រមុះជ្រូកក្បាលថ្នល់តាមបណ្តោយផ្លូវ២៧១ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុងតែបើកពង្វក់ក្រុមអ្នកញៀនល្បែងភ្នាល់អោយចូលលេងយ៉ាងគគ្រឹកគគ្រេង ជាពិសេសក្រុមក្មេងទំនើងដែលតែងតែប្រមូលផ្តុំចូលលេងយ៉ាងអាណាធិបតេយ្យបំផុត ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងល្បែងស៊ីសងខាងលើតែងតែមានក្រុមក្មេងទំនើងចេញចូលជាហូហែរមិនចេះដាច់ ជាពិសេសគឺពេលយប់តែម្តង ធ្វើអោយពួកគាត់មានការព្រួយបារម្ភខ្លាចក្រែងក្រុមក្មេងទំនើងទាំងនោះលេងចាញ់អស់លុយបែកគំនិតធ្វើសកម្មភាពលួច ឆក់ ប្លន់ជាដើម ។

គួររំលឹកផងដែរថា លោកចៅហ្វាយក្រុងឃួងស្រេង ធ្លាប់ដាក់បទបញ្ជាដល់ថ្នាក់ក្រោមជាពិសេសអភិបាលខណ្ឌទាំង១៤ និងសមត្ថកិច្ចដែលពាក់ពន្ធ័ ត្រូវតែចាត់វិធានការបង្ក្រាបរាល់ទីតាំងល្បែងស៊ីសងទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រោះថាល្បែងជាប្រភពនៃអំពើឆក់ ប្លន់ ។

ដូច្នេះប្រជាពលរដ្ឋចាំមើលលោក ថេង សុថុល អភិបាលខណ្ឌមានជ័យ និងមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ រឺក៏មិនបង្ក្រាបព្រោះបានលាភសក្ការៈ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រីទាំងនេះសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមន្ត្រីក្រោមឱវ៉ាទ និងឲ្យចុះបង្ក្រាបទីតាំងនេះផងព្រោះយប់ឡើងក្មេងៗទាំងនោះចេញចូលៗមួយយប់ទល់ភ្លឺហើយមានពេលខ្លះឈ្លោះប្រកែកគ្នាទៀតផងដែលរំខានដល់ការរស់នៅរបស់ពួកគាត់ និងមានពេលខ្លះពួកគេលេងចាញ់ល្បែងអស់អាចចេញធ្វើសកម្មភាពឆក់ប្លន់និងបទល្បើសផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here