ភ្នំពេញ ៖ ស្រ្តីម្នាក់មេម៉ាយកូន២ បានរងរបួសធ្ងន់ធ្ងរត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលប្រុសស្នេហ៍ដែលជាពោះម៉ាយកូន១ មកតាមសុំស្នេហ៍ជាលើកទី២ តែនាងមិនព្រមធ្វើឲ្យបុរសរូបនោះខឹងបានយកដែកកែច្នៃមកចាក់ចំពោះនាងជាច្រើនកន្លែង បណ្ដាលឲ្យរងរបួសភ្លាមនោះត្រូវបានក្រុមគ្រួសារជនរងគ្រោះនាំគ្នាចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ករណីប៉ុនប៉ងឃាតកម្មខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៥៥នាទីល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហូរ លីលីន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់អូបែកក្អម ខណ្ឌសែនសុខមានស្រុកកំណើតនៅខេត្តកំពង់ចាម (ពោះម៉ាយកូន១) ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ម៉ាលីណា ហៅល័ក្ខ អាយុ២៩ឆ្នាំ មុខរបរបញ្ចាំម៉ូតូ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ( ជាមេម៉ាយកូន២ )។

មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានចេញពីកន្លែងធ្វើការនៅម្តុំផ្លូវម៉ៃដា (ផ្លូវ២០០៤) មកផ្ទះជនរងគ្រោះនៅភូមិកើតហេតុខាងលើ ពេលនោះស្រ្តីរងគ្រោះកំពុងអង្គុយជិតទ្វារខាងមុខផ្ទះ បន្ទាប់មកជនសង្ស័យបានឈរនិយាយជាមួយជនរងគ្រោះថា “បងយកម៉ូតូមកបញ្ចាំ“ ប៉ុន្តែជនរងគ្រោះក៏បាននិយាយប្រាប់ថា “អត់ទទួលទេ“ ។ ពេលនោះជនសង្ស័យព្យាយាមនិយាយទៀតថា “អូនហូបបាយរួចនៅ ហើយរាល់ថ្ងៃអូនមាននឹកបងដែរទេ“ តែជនរងគ្រោះមិនឆ្លើយតបជាមួយជនសង្ស័យនោះទេ គឺបានដើរចេញ ស្រាប់តែជនសង្ស័យខឹងយកដែកកែច្នៃដែលខ្លួនត្រៀមទុកនោះយកមកចាក់ទៅលើស្ត្រីរងគ្រោះចំពោះជាច្រើនកន្លែងតែម្តង ។ ភ្លាមនោះបងប្អូនជនរងគ្រោះឃើញក៏រត់ចេញមក រួចនាំគ្នាចាប់ខ្លួនជនសង្ស័យ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍ នាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ។ ចំណែកជនរងគ្រោះត្រូវបានបងប្អូននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុផងដែរ ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តទៅលើជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមករូបគេនិងស្ត្រីរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នា ដោយស្រលាញ់គ្នាអស់រយៈពេលជិត១ឆ្នាំមកហើយ ប៉ុន្តែដោយសារកន្លងមកមានជំលោះឈ្លោះប្រកែកគ្នា ក៏បែកបាក់គ្នាមួយរយៈពេលទៅ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌ ឃាត់ខ្លួនបណ្ដោះដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here