នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១០ លើកទី១ ជំនាញគ្រប់គ្រងការងារអប់រំនគរបាលនិងដឹកនាំបញ្ជា ដែលមាននិស្សិតសរុបចំនួន៦២នាក់ ស្រី១១នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត សេង ផល្លី បានគូសបញ្ជាក់ថា ការបើកវគ្គសិក្សាទាំងពីរនេះគឺជាការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់បណ្ឌិត្យសភា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លៀសវៃ របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងផែនការអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់របស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ឯកឧត្តម សាស្រ្តាចារ្យ ប្រធាន បានបន្ថែមថា វគ្គសិក្សាទាំងពីរគឺជាកម្រិតសញ្ញាបត្រខ្ពស់បំផុត ដែល សុទ្ធតែមានសារសំខាន់ មានគោល បំណងច្បាស់លាស់ ហេតុនេះ បណ្ឌិត្យសភា បានរៀបចំដំណើរការបណ្តុះ-បណ្តាល ដោយផ្តោតការយកចិត្តទុកដាក់បំផុតទៅលើគុណភាព និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អង្គភាពប្រើប្រាស់កងកម្លាំង។

ឯកឧត្តម ប្រធាន បានគូសបញ្ជាក់បន្ថែមអំពីកំណែទម្រង់លើការងារសំខាន់ៗនៅបណ្ឌិត្យសភាការពង្រឹង វិន័យអ្នកសិក្សា និងការប្រកាន់ភ្ជាប់នូវគោលការណ៍សំខាន់ៗ ០៣ គឺ គោលការណ៍សមធម៌ គោលការណ៍មិនលម្អៀង និង វប្បធម៌គុណភាព ព្រមទាំងបានបញ្ជាក់ថា យើងកំពុងតែធ្វើការផ្លាស់ប្តូរវប្បធម៌និងផ្នត់គំនិតថ្មី ពោលគឺ អ្នកដែលបានមករៀនគឺ អ្នកដែលមានឱកាសក្លាយជាអ្នកដឹកនាំ និងមន្ត្រីជំនាញអាជីព មិនមែនជាអ្នកដែលគេមិនប្រើប្រាស់នោះទេ។

ជាចុងក្រោយ ឯកឧត្តម សាស្រ្តាចារ្យ ប្រធាន បានផ្តល់អនុសាសន៍មួយចំនួន ដល់និស្សិតគ្រប់រូបត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី ការស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង និង គោរពវិន័យឱ្យបានល្អខ្ជាប់ខ្ជួន ព្រមទាំងចូលរួមលើកកម្ពស់វប្បធម៌គុណភាពផងដែរ គឺនិស្សិតម្នាក់ៗ មិនមែនគ្រាន់តែរៀនឱ្យតែចប់ដើម្បីបង្រ្គប់កិច្ចនោះទេ គឺរៀនដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យមាន លក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here