ភ្នំពេញ ៖ ស្ត្រីម្នាក់ជាឈ្មួញរកស៊ីទិញ-លក់ដី និងពុះដីឡូត៍លក់ ពាក់ព័ន្ធករណី ត្រូវបានលោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ចាប់ខ្លួនករណី រំលោភលើទំនុកចិត្ត។

ជនត្រូវចោទឈ្មោះ ខេង អូន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្បែររង្វង់មូលនាងមច្ឆា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៩៦ ដ.ច.ន ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យបញ្ជាក់ថា តុលាការបានសម្រេចចោទប្រកាន់លើឈ្មោះ ខេង អូន ភេទស្រី អាយុ ៤៥ឆ្នាំ ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ផងដែរថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ជនត្រូវចោទឈ្មោះ ខេង អូន និងជនរងគ្រោះឈ្មោះ ហ៊ុន ប៊ុនសិទ្ធ ជាដើមបណ្ដឹង បានចូលលុយគ្នាទិញដីចំនួន ២កន្លែងទំហំសរុប ១១ហិកតា ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយមកនៅអំឡុងឆ្នាំ២០១៩ ឈ្មោះ ខេង អូន បានលួចធ្វើប្លង់រឹងដោយដាក់ឈ្មោះតែម្នាក់ឯង មិនបានដាក់ឈ្មោះជនរងគ្រោះជាម្ចាស់ភាគហ៊ុនជាម្ចាស់ដីនោះទេ។

ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងសុំដីការក្សាការពារនៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីការពារដីនោះជាបណ្ដោះអាសន្ន ប៉ុន្តែឈ្មោះ ខេង អូន បានយកដីដែលជាប់ដីការក្សាការពារទៅពុះជាឡូត៍លក់ ដោយមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការឡើយ។

ទើបជនរងគ្រោះ បានដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យជួយរកយុត្តិធម៌ និងឈានដល់ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here