កម្លាំងទាហានអាហ្វហ្គានីស្ថាន បានបាញ់ច្រឡំកាំភ្លើងត្បាល់ចូលផ្សារដែលមានមនុស្សច្រើន ស្ថិតនៅភាគខាងកើតខេត្ត Helmand បង្កឲ្យមានពលរដ្ឋស្លាប់និងរបួសជាច្រើន។

សារព័ត៌មាន AP នៅថ្ងៃទី១ ខែកក្កដា បានផ្សាយថា ការវាយប្រហារកើតឡើងកើតឡើងតាំងពី២ថ្ងៃមុន។ ការិយាល័យខេត្ត Helmandបានបញ្ជាក់ថា រថយន្តផ្ទុកគ្រាប់បែក និងកាំភ្លើងត្បាល់

បានបាញ់ចូលក្នុងផ្សារស្ថិតនៅស្រុក Sangin បណ្តាលឲ្យមនុស្ស២៣នាក់ស្លាប់ ក្នុងនោះមានទាំងកុមារផងដែរ។ ក្រោយការវាយប្រហារ កម្លាំងទាហានអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។

ប៉ុន្តែគណៈប្រតិភូរបស់អង្គការសហប្រជាជាតិជួយដល់ប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា កម្លាំងទាហានអាហ្វហ្គានីស្ថានបានបាញ់កាំភ្លើងត្បាល់តបតទៅលើក្រុមតាលីបង់ ប៉ុន្តែបែរជាខុសគោលដៅ ធ្លាក់ចំផ្សារទៅវិញ។ ប៉ុន្តែក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានប្រកាសច្រានចោលការលើកឡើងខាងលើរបស់អង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា ពីទីតាំងយោធាកាំភ្លើងត្បាល់របស់កម្លាំងទាហាន មិនអាចបាញ់ដល់ផ្សារនោះឡើយ។

អង្គការសហប្រជាជាតិបានអំពាវនាវដល់ភាគីទាំងសងខាងផ្អាកសកម្មភាពវាយប្រហារគ្នានៅតំបន់ប្រជុំជន ដើម្បីបញ្ជៀសការស្លាប់និងរងរបួសដល់ជនស៊ីវីលកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here