អន្តរជាតិ៖ លោក អាន់ថូនី ហ្វរស៊ី (Anthony Fauci) ជាអ្នកជំនាញជាន់ខ្ពស់អាមេរិក ប្រចាំវិទ្យាស្ថានជាតិជំងឺឆ្លង បានព្រមានថា វីរុសថ្មីគឺជំងឺផ្តាសាយជ្រូកថ្មី ដែលត្រូវបានដាក់ឈ្មោះសម្គាល់ថា G4 EA H1N1 នៅក្នុងប្រទេសចិន អាចមានលទ្ធផលបង្កទៅជាជំងឺរាតត្បាតសកល បន្ថែមពីលើជំងឺឆ្លងបច្ចុប្បន្ន COVID-19 ហេតុដូច្នេះសហរដ្ឋអាមេរិក គួរតែយកចិត្តទុកដាក់ចំពោះវាបន្ថែមទៀត»។ លោក Fauci ក៏បានសង្កត់ធ្ងន់ផងដែរថា អាមេរិកគួរតែប្រយ័ត្នខ្លួនទុកជាមុន ដើម្បីកុំឲ្យសេណារីយ៉ូដូចជា COVID-19 កើតមានឡើងជាថ្មី។

បើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រុមជំនាញនៃសហរដ្ឋអាមេរិក កំពុងតែតាមដានយ៉ាងសកម្ម ចំពោះការរកឃើញជំងឺផ្តាសាយជ្រូកថ្មី ដែលត្រូវបានដាក់ឈ្មោះសម្គាល់ថា G4 EA H1N1 នៅក្នុងប្រទេសចិន ខណៈវីរុសថ្មីនេះត្រូវបានគេជឿជាក់ថា បានវិវឌ្ឍន៍ចេញពីជំងឺ A/H1N1 ដែលធ្លាប់បង្កជាជំងឺរាតត្បាលសកលម្តងកាលពីឆ្នាំ២០០៩។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិន បានរកឃើញជំងឺផ្ដាសាយជ្រូកប្រភេទថ្មីមួយ ដែលមានសក្ដានុពលខ្ពស់ អាចក្លាយទៅជាជំងឺឆ្លងរាតត្បាតសកល។ ជំងឺផ្ដាសាយជ្រូកថ្មីខាងលើនេះ ត្រូវបានដាក់ឈ្មោះថា «G4 virus ឬ G4 EA H1N1» និងមានដើមកំណើតកើតចេញពីអំបូរវីរុសផ្ដាសាយជ្រូក H1N1។ H1N1 បានឆ្លងរាតត្បាតពេញសកលលោក កាលពីឆ្នាំ២០០៩។ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានឱ្យដឹងទៀតថា G4 virus អាចចម្លងពីសត្វជ្រូកទៅមនុស្ស ប៉ុន្តែវាមានសក្ដានុពលអាចក្លាយទៅជាជំងឺឆ្លងរាតត្បាត សកលដែលអាចឆ្លងយ៉ាងងាយ ពីមនុស្សទៅមនុស្សនៅពេលអនាគត។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រចិន ដោយសារតែ G4 virus ជាវីរុសប្រភេទថ្មី មនុស្សមានប្រព័ន្ធភាពសុំាតិច ឬមិនមានតែម្ដងប្រឆាំងនឹងវីរុសនេះទេ ដែលតម្រូវឱ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ ហើយវិធានការគ្រប់គ្រង និងបង្ការនានា គួរតែត្រូវបានដាក់ឱ្យអនុវត្តនៅតាមរោងចក្រ ឬឧស្សាហកម្មពាក់ព័ន្ធនឹង សត្វជ្រូក។ ទោះជាយ៉ាងណា អាជ្ញាធរចិនមិនទាន់បានបញ្ជាក់ថា មានករណីឆ្លងជំងឺនេះ លើមនុស្សនៅឡើយទេ ។

សូមជម្រាបថា កាលពីឆ្នាំ២០០៩ សហរដ្ឋអាមេរិក បានកើតមានករណីឆ្លងជំងឺ H1N1 រហូតដល់ទៅ ៦០.៩លានករណី ក្នុងនោះអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យមានចំនួន ២៧៤,០០០នាក់ និងបាត់បង់ជីវិត ១២,៤៦៩នាក់។ ដោយឡែកសម្រាប់ជំងឺ COVID-19 វិញ ករណីឆ្លងនៅអាមេរិកសរុបមានជាង ២.៧លានករណី ក្នុងនោះស្លាប់ ១៣ម៉ឺននាក់ និងជាសះស្បើយវិញជាង ១.១៤លាននាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here