អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន Telegraph បានចេញផ្សាយនៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា ប៉ូលីសហុងកុងបានឃាត់ខ្លួនបុរសម្នាក់ ក្នុងចំណោមបាតុករជាច្រើននាក់ ដែលមានកាន់ទង់ទាមទារឯករាជ្យនៅក្នុងដៃ ។ ខណៈដែលអាជ្ញាធរទីក្រុងនេះកំពុងប្រារព្ធខួបឆ្នាំទី ២៣ នៃការរួចខ្លួនពីពួកអាណានិគមអង់គ្លេស និងមួយថ្ងៃ បន្ទាប់ពីសភាចិន បានអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីដាក់ឲ្យប្រើប្រាស់លើទីក្រុងស្វយ័តមួយនេះ។

អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ កាលពីព្រឹកថ្ងៃពុធនេះ បានលើកឡើងក្នុងពិធី រំលឹកខួបឆ្នាំទី ២៣ នៃការប្រគល់ហុងកុងឲ្យចិនវិញថា ច្បាប់សន្តិសុខថ្មី ដែលសភាចិនទើបបានអនុម័តកាលពីថ្ងៃម្សិលមិញនេះ គឺជារបត់មួយ ដើម្បីនាំហុងកុងចេញពីភាពជាប់គាំងនាពេលបច្ចុប្បន្ន និងដើម្បីស្តារស្ថិរភាព និងសណ្តាប់ធ្នាប់ក្នុងទីក្រុងនេះឡើងវិញ។

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះដែរ កងកម្លាំងប៉ូលីសហុងកុង បានប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ ដែលវាជាលើកដំបូងហើយ គិតចាប់តាំងពីច្បាប់សន្តិសុខជាតិថ្មី ត្រូវបានសភាចិនអនុម័តដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។ ប៉ូលីសហុងកុងបានគូសបញ្ជាក់ថា បុរសជាបាតុករខាងលើនេះ បានប្រើប្រាស់ទង់មួយ មានសរសេរពាក្យថា «Hong Kong Independence ឬឯករាជ្យរបស់ហុងកុង» ដែលប្រាកដណាស់ថា ជាសញ្ញាបំពានទៅលើច្បាប់ ដែលបានចែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here