សៀមរាប ៖ សត្វទោចម្កុដដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជចំនួនមួយគូត្រូវបានដោះលែងអោយចូលទៅរស់នៅក្នុងតំបន់ព្រៃជុំវិញប្រាសាទអង្គរវត្ត ដែលជាផ្នែកមួយនៃគម្រោងស្តារសត្វព្រៃឡើងវិញប្រកបមហិច្ចតាដែលបាននឹងកំពុងគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

នេះគឺជាសត្វទោចម្កុដគូទីបីហើយ ដែលត្រូវបានដោះលែងអោយចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញប្រកបដោយជោគជ័យបើគិតចាប់តាំងពីពេលដែលគម្រោងមួយនេះបានចាប់ផ្ដើម នៅឆ្នាំ២០១៣ ។

កម្ពុជាគឺជាទីសុវត្ថិភាពសកលរបស់ត្វទោចម្កុដ ប៉ុន្តែការបំផ្លាញទីជម្រក និងការចាប់សត្វព្រៃដើម្បីធ្វើពាណិជ្ជកម្មខុសច្បាប់បានធ្វើអោយប្រភេទសត្វនេះត្រូវបានចុះក្នុងបញ្ជីចាត់ទុកជាប្រភេទសត្វរងគ្រោះជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។

តំបន់ជួរភ្នំក្រវាញ ជាព្រៃដីគោកនៅបន្ដជាប់គ្នាមិនដាច់ចុងក្រោយនៅអាស៊ីអគ្នេយ៍ ស្ថិតក្រោមការការពាររបស់ឧទ្យានុរក្ស នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន គឺជាទីដែលមានសត្វទោចម្កុដរស់នៅច្រើនជាងគេ។

លោក នីក ម៉ាក្ស នាយកគ្រប់គ្រងគម្រោងសង្គ្រោះ និងថែទាំសត្វព្រៃ របស់អង្គការសម្ព័នមិត្តសត្វព្រៃ បានមានប្រសាសន៍ថា “នៅកម្ពុជាមានព្រៃឈើតិចតួចណាស់ដែលអាចផ្តល់ការការពារកម្រិតខ្ពស់បែបនេះដល់សត្វព្រៃ ។ ព្រៃឈើដែលព័ទ្ធជុំវិញតំបន់អង្គរវត្តគឺជាទីជម្រកដ៏ល្អឥតខ្ចោះមួយ និងជាសួគាឋានប្រកបដោយសុវត្ថិភាពដែលត្រូវការជាចាំបាច់សម្រាប់ប្រភេទសត្វដែលកំពុងទទួលរងការធ្វើទុក្ខបុកម្នេញប្រភេទនេះ។”

ព្រានបាញ់សត្វទោចពេញវ័យដើម្បីយកសាច់ ហើយកូនសត្វទោចត្រូវបានយកទៅលក់ក្នុងរបរពាណិជ្ជសត្វព្រៃខុសច្បាប់សម្រាប់ជាសត្វចិញ្ចឹម ។

ចាប់តាំងពីពេលដែលក្រុមសង្គ្រោះសត្វព្រៃបន្ទាន់របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃត្រូវបានបង្កើតឡើងក្រុមបានជួយសង្គ្រោះសត្វព្រៃបានចំនួនប្រមាណ ៧0 ០០០ ក្បាល ពីការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់នៅកម្ពុជា។

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃក៏បានធ្វើការដោះលែង សត្វភេខ្លួនរលោង ឈ្លូស សំពោចក្រអូប និងស្វាព្រាហ្ម អោយទៅរស់នៅក្នុងព្រៃនៃតំបន់គម្រោងផងដែរ ។
“រហូតមកដល់ពេលនេះគម្រោងរបស់យើងកំពុងស្តារសត្វព្រៃឡើងវិញនៅក្នុងតំបន់អង្គរដែលបានដំណើរការទៅមុខបានយ៉ាងល្អប្រសើរ និងទទួលបានកិច្ចសហការដ៏ល្អពីអាជ្ញាធរជាតិអប្សរា និងពីរដ្ឋបាលព្រៃឈើ។ គោលបំណងរបស់យើងគឺដើម្បីបន្តកិច្ចសហប្រតិបត្តិការនេះ និងដោះលែងប្រភេទសត្វដែលមានលក្ខណៈសមស្របបន្ថែមទៀតក្នុងពេលអនាគត។”

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងអាជ្ញាធរជាតិអប្សរានឹងបន្តការតាមដានសត្វទោចដើម្បីធានាអោយបានថា សត្វទោចទាំងនោះនឹងរីកធំធាត់ល្អនៅក្នុងផ្ទះថ្មីរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here