ភ្នំពេញ៖ ជនសង្ស័យ២នាក់ ម្នាក់ជាជាងជួសជុលរថយន្ត និងម្នាក់ទៀតជាអ្នកបោចមាន់ បាននាំគ្នាជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់ កំពុងដើរតាមផ្លូវ ប៉ុន្តែមិនបានសម្រេចបង្កការភ្ញាក់ផ្អើលដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះ ចេញជួយធ្វើអន្តរាគមន៍តាមពីក្រោយក្របួចជាប់តែម្តង ។

ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ០០និង៤៥នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខសួនច្បារសម្ដេចជួន ណាត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទលួច (ឆក់ទូរស័ព្ទដៃមិនបានសម្រេច) ទី១-ឈ្មោះ សោម វណ្ណៈ ហៅឃ្លាំង ភេទប្រុស អាយុ១៦ ឆ្នាំមុខរបរជាងជុសជុលរថយន្ត ទីកន្លែងស្នាក់នៅផ្ទះ២៩៩ផ្លូវ១០ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅឃ្លាំងរថយន្តដឹកដី ផ្លូវ៣១០ ភូមិពញាពន់ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជាអ្នកឆក់)។  និងទី២-ឈ្មោះ ដន វណ្ណា ហៅ វាន់ដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបោចមាន់ ស្នាក់នៅបន្ទប់ជួល ផ្លូវលំភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ) ។

មន្រ្តីកងរាជអាវុធហត្ថខណ្ឌបន្តថា ក្រោយពីជនសង្ស័យទាំង២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះជាជនជាតិចិនកំពុងដើរ តែមិនបានសម្រេច រួចមកក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការស្ទាក់ចាប់បានភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here