ភ្នំពេញ៖ បន្ទាប់ពីមានករណីអ្នកពុលស្រាថ្នាំ នៅខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យស្លាប់ និងរបួសរហូតកើតឡើងជាង៤០នាក់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់បងប្អូនប្រជាពលរដ្ឋមិនត្រូវបរិភោគស្រាស ឬលាយផ្សំដែលគ្មានប្រភពច្បាស់លាស់ ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ចេញនូវគោលការណ៍ ជូនឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើការណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ឲ្យបង្កើនការក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ ពីការថែទាំសុខភាពដោយមិនត្រូវទិញ និងបរិភោគស្រាស ឬស្រាថ្នាំ ដែលផលិត ឬបិត ដោយមិនមានប្រភពច្បាស់លាស់ មិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាដាច់ខាត ជាពិសេសស្រាដែលយកមេតាណុលមកលាយ ត្រូវហាមឃាត់ដាច់ខាត ។ ត្រូវបញ្ឈប់ជាដាច់ខាត នូវការលក់ដូរស្រាស ឬស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំ ដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាពដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ជាដើម សូមស្វែងរកការពិគ្រោះពិនិត្យ និងព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាព ឬទៅមន្ទីពេទ្យដែលនៅជិតលោកអ្នកជាទីបំផុត ដើម្បីចៀសវាងការពុលចំណីអាហារ ប្រជាពលរដ្ឋត្រូវតែបង្កើនការអនុវត្តអនាម័យល្អ រស់នៅស្អាត ដោយឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ នៅមុនពេល និងក្រោយពេលចម្អិនម្ហូបអាហារ និងក្រោយពេលបន្ទោរបង់ សម្អាតបន្លែផ្លែឈើ ត្រីសាច់ និងសម្ភារៈប្រើប្រាស់ ឲ្យបានស្អាតត្រឹមត្រូវ– បរិភោគទឹកស្អាត ឬទឹកដាំពុះល្អ ពិសារអាហារដែលឆ្អិនល្អត្រឹមត្រូវ និងកុំពិសារសាច់សត្វស្លាប់ ឬសាច់ឆៅចម្អិនមិនល្អ ត្រូវទុកដាក់ម្ហូបអាហារនៅដាច់ដោយឡែកពីគ្នាកុំឲ្យច្របូកច្របល់ និងកុំរក្សាម្ហូបទុកយូរពេកនាំឲ្យផ្លូម ឬអាចមានមេរោគ ។

លោកបន្ថែមពីទៀតថា បើរក្សាទុកម្ហូប ត្រូវរក្សាទុកក្នុងសីតុណ្ហភាព បើត្រជាក់នៅក្រោម ០៥អង្សាសេ និងបើក្តៅ ត្រូវលើសពី ៦០អង្សាសេចៀសវាងការពិសារប្រៃពេក ផ្អែមពេក និងខ្លាញ់ពេក ដើម្បីសុខភាពផ្ទាល់ខ្លួនមិនត្រូវបង្ហូរ ឬចោលកាកសំណល់ ឬសារធាតុគីមី ចូលក្នុងបឹង ទន្លេ ឬព្រែក ដែលជាប្រភពទឹកសម្រាប់ប្រជាជនប្រើប្រាស់ ដែលនាំឲ្យពុលនោះឡើយ។ បើមានបញ្ហាសុខភាព ឬហេតុការណ៍អ្វីមួយដែលសង្ស័យ ត្រូវស្វែងរកការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលមានគ្រូពេទ្យបណ្តុះបណ្តាលត្រឹមត្រូវ ឬរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬមន្ទីរសុខាភិបាលខេត្តដែលខ្លួនរស់នៅ ឬទូរស័ព្ទមកក្រសួងសុខាភិបាល ដើម្បីចាត់វិធានការជួយបានទាន់ពេលវេលា។

គួរបញ្ជាក់ថា យោងតាមការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានភាពពុលស្រានៅខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ហេតុការណ៍ពុលស្រាថ្នាំចិនយីហោ”សែតាំងគួយ” (លើសំបកដបស្រា មានសរសេរអក្សរដាក់ថា ប៉ូវកម្លាំង សម្រួលសរសៃ និងក្រពះ) បានកើតឡើងនៅក្នុងភូមិចំនួន ០៩ភូមិ នៅក្នុងក្រុងប៉ោយប៉ែត និងស្រុក
ម៉ាល័យនៃខេត្តបន្ទាយមានជ័យ ដែលមានអ្នកពុលស្រាថ្នាំនេះ សរុបចំនួន ៤៤នាក់ (ក្នុងនោះ មានស្ត្រីចំនួន ០៣នាក់ និងស្លាប់បុរសចំនួន ០៧នាក់) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here