អន្តរជាតិ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាំម៉ាត់ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី This Week In Asia នៃសារព័ត៌មាន Sout China Morning Post ក្នុងសប្ដាហ៍នេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងក្លាយជា «គ្រោះមហន្តរាយ»បើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាថ្មីម្ដងទៀត ធ្វើជាប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ ។ ខណៈសកម្មភាពអរិភាពរបស់លោក ត្រាំ ចំពោះចិន នាពេលកន្លងមក អាចយកមកធ្វើជាឧទាហរណ៍ស្រាប់ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០។

ថ្លែងនាឱកាសនោះ លោក មហាធៀ ដែលមានវ័យ៩៤ឆ្នាំរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ « ខ្ញុំមិនធ្លាប់គិតឡើយថាលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី អាមេរិក ប៉ុន្តែគាត់បានឈ្នះរួចទៅហើយ…ហើយឥលូវ អ្នកខ្លះបាននិយាយថាមនុស្សជាច្រើននឹងគាំទ្ររូបលោក តែនេះនឹងក្លាយជាគ្រោះមហន្តរាយ។ លោកបន្ថែមថា ខ្ញុំមិនដឹងទេថាតើលោក ត្រាំ នឹងជាប់ឆ្នោតជាថ្មីឬក៏យ៉ាងណា…ក៏ប៉ុន្តែខ្ញុំសង្ឃឹមថាអតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden នឹងមានភាពខុសប្លែកពីរូបលោក ព្រោះគាត់ជាមនុស្សមានហេតុផល។ ខ្ញុំបានប្រាប់ប្រជាជនអាមេរិកមួយចំនួន ថាខ្ញុំគាំទ្រលោក Biden ទោះបីជាខ្ញុំគ្មានសិទ្ធិបោះឆ្នោត ក៏ដោយ»។

នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអនឡាញជាមួយសារព័ត៌មាន South China Morning Post លោក មហាធៀ មហាំម៉ាត់ ក៏បានច្រានចោលផងដែរការអះអាង របស់លោក ដូណាល់ ត្រាំ ថាចិនគឺជាអ្នកទទួលខុសត្រូវចំពោះ ការឆ្លងរាតត្បាត COVID-19 ខណៈលោកផ្ទាល់កោតសរសើរការវិធានការឆ្លើយតបរបស់ម៉ាឡេស៊ី ទៅនឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here