ភ្នំពេញ ៖ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានបញ្ជាក់ឲ្យដឹងថា តង់វៀតណាមការពារកូវីដ១៩ ចំនួន២៣ កន្លែង ត្រូវបានរុំរើ និងដកថយ ចេញពីព្រំដែនកម្ពុជា ខណៈភាគីវៀតណាមបានបោះតង់ ដោយឯកតោភាគីចំនួន២៥៦កន្លែង។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីកើតមានករណីមេរោគកូវិដ១៩មក ភាគីវៀតណាមបានបោះតង់ការពារជំងឺកូវីដ១៩ ដោយឯកតោភាគីចំនួន២៥៦កន្លែង នៅតាមខេត្តមួយចំនួនដែលជាប់នឹង ព្រំប្រទល់វៀតណាម ប៉ុន្តែដោយសារមានការតវ៉ាពីសំណាក់រដ្ឋបាលរបស់កម្ពុជា ភាគីវៀតណាម បានសម្រេចរើ ចេញ៨ កន្លែ និងព្រមដកថយចេញ ចំនួន១៥កន្លែងវិញ។

ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់នាយនគរបាលជាន់ខ្ពស់-នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំអគ្គស្នងការនគរបាលជាតិនារសៀលថ្ងៃទី១០ មិថុនានេះ នៅអគ្គស្នងការនគរបាលជាតិ ឯកឧត្ដមនាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់ថា បើទោះជាភាគីបានរុះរើ និងដកថយ ចេញពីព្រំដែនកម្ពុជា ចំនួន២៣ កន្លែង យ៉ាងណាក៏ដោយចុះ ក៏សង្កេតឃើញថាពេលថ្មីៗនេះ ភាគីវៀតណាម បានសង់ឡើងចំនួនពីរកន្លែងបន្ថែមទៀត ដូច្នេះមន្រ្តីនគរបាលព្រំដែនទាំងអស់ ត្រូវបង្កើនកិច្ចសហការណ៍ជាមួយភាគីពាក់ព័ន្ធ ដើម្បី ជូនដំណឹងទៅតាមរដ្ឋបាលដែនដីខេត្តនីមួយៗ ដើម្បីធ្វើយ៉ាងណាប្រាប់ភាគីវៀតណាម កុំឲ្យមានផលប៉ះពាលនៃទំនាក់ទំនង និងផលប្រយោជន៍រវាងគ្នានិងគ្នា ដោយសារតែបញ្ហាការបោះតង់ការពារកូវីដ១៩ នៅតាមព្រំដែននេះ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ក៏បានអះអាងដែរថា ភាគីវៀតណាមដែលបានបោះតង់ជាប់នឹងព្រំដែនកម្ពុជា នាពេលកន្លងមកនោះ គឺមិនមែនជាតំបន់សនោះទេ វាគឺជាតំបន់ដែលមិនទាន់បានឯកភាពគ្នាក្នុងការវាស់វែង ខណ្ឌសីមា និងបោះបង្គោល ព្រំដែន ដូចនេះសាធារណជនកុំឲ្យមានការយល់ច្រឡំ។

ទន្ទឹមនិងនេះ ឯកឧត្តម ក៏បានអំពាវនាវដល់មន្រ្តីនគរបាលព្រំដែន ទាំងអស់ត្រូវមានការស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវការពារឲ្យបានដាច់ខាត់នូវបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវកំចាត់ចោលពួកអមិត្តទាំងអស់ដែលមានចេតនាចង់បំផ្លិតបំផ្លាញជាតិ ជាដើមនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here