ក្រសួងបរិស្ថាន ស្នើឲ្យ អភិបាលខេត្តបន្ទាយមានជ័យ រៀបចំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែង លើករណី ក្រុមហ៊ុន លោក តឹក ប៊ុនធឿន ឈូសឆាយដី ផ្លូវ ចូលដីតំបន់ការពារទេសភាព រនាមដូនសំ
បន្ទាយមានជ័យ ៖ យោងតាមលិខិតលេខ ៥៨៣ ស.ណ.ប ស្ថ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ចុះហត្ថលេខា ដោយ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ប្រចាំការ ក្រសួងបរិស្ថាន បានផ្ញើជូន លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ មន្ទីរបរិស្ថានខេត្តបានធ្វើលិខិតមកក្រសួង ដើម្បីសុំជួយ អន្តរាគមន៍ លើការឈូសឆាយដី សាងសង់ផ្លូវ របស់ក្រុមហ៊ុន លោក តឹក ប៊ុនធឿន (មេបញ្ជាការរង យោធភូមិភាគទី៥ ទទួលរងទិសតំបន់ទី១ ខេត្តបន្ទាយមានជ័យ និង សហការជាមួយ ក្រុមហ៊ុន ឡេង ណាវ៉ាត្រា) ចូលតំបន់ការពារទេសភាព រនាមដូនសំ ប្រវែង៣០ម៉ែត្រ គុណ ៩០០ម៉ែត្រ ស្ថិតក្នុង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមលិខិត បែកធ្លាយ កាលពី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។
ក្នុងខ្លឹមសារនៃលិខិតរបស់ក្រសួងបរិស្ថាន មានន័យថា ក្រសួងបរិស្ថាន ស្នើសុំ ឯកឧត្តមអភិបាលខេត្ត រៀបចំក្រុមការងារថ្នាក់ខេត្ត ដើម្បីចុះពិនិត្យទីតាំងជាក់ស្តែង និង អនុវត្តច្បាប់ស្តីពី តំបន់ការពារធម្មជាតិ លើករណីឈូសឆាយ នេះ៕