អាមេរិក៖ គណបក្សសាធារណរដ្ឋរបស់លោកត្រាំ គំរាមថានឹងបិទបណ្តាញសង្គមTwitter
អន្តរជាតិ៖ សារព័ត៌មានរបស់អាមេរិក ABC News នៅថ្ងៃពុធទី២៧ ខែឧសភាម្សិលមិញនេះ បាននិយាយថា បន្ទាប់ពីបណ្តាញសង្គមTwitter បានដាក់សញ្ញាឲ្យអ្នកអានផ្ទៀងផ្ទាត់ការពិតនៅលើសារ Twitter ចំនួន២ របស់លោកប្រធានាធិបតីអាមរិក ដូណាល់ ត្រាំ នោះ ។ លោក ត្រាំ ក៏បានគំរាមថា គណបក្សសាធារណរដ្ឋរបស់លោក នឹងព្យាយាមបិទបណ្តាញសង្គម Twitter ផងដែរ ។
លោក ដូណាល់ ត្រាំ បាននិយាយតាមរយៈបណ្ដាញសង្គម Twitter ថា អ្នកសាធារណរដ្ឋ មានអារម្មណ៍ថា បណ្តាញសង្គមបំបិទសំឡេងអ្នកអភិរក្សនិយម។ លោកសង្កត់ធ្ងន់ថា៖ «យើងនឹងត្រួតពិនិត្យឲ្យបានតឹងរ៉ឹង ឬបិទបណ្តាញសង្គមTwitter តែម្តង មុននឹងបណ្តាញសង្គមទាំងអស់នោះអាចបំបិទសម្លេងបាន»។ លោក ក៏លើកឡើងផងដែរថា បណ្តាញសង្គមទាំងនោះព្យាយាម និងបរាជ័យម្តងហើយក្នុងនៅឆ្នាំ២០១៦ហើយលោកមិនបណ្តាលឲ្យកើតមានម្តងទៀតឡើយ។
ការមិនពេញចិត្តរបស់លោក ត្រាំ លើបណ្ដាញសង្គម កើនឡើងកាន់តែខ្លាំង ក្រោយ Twitter បានដាក់សញ្ញាឲ្យត្រួតពិនិត្យការពិតលើសាររបស់លោក ត្រាំ ។ សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោកMarco Rubio បានលើកឡើងថា នៅពេលដែលTwitter សម្រេចដាក់ការត្រួតពិនិត្យលើបណ្តាញសង្គមដូចជាអ្នកបោះពុម្ព Twitter លែងរួចខ្លួនពីការទទួលខុសត្រូវហើយ និងត្រូវចាត់ទុកដូចជាអ្នកផ្សព្វផ្សាយដទៃដែលត្រូវនៅក្រោមច្បាប់។
សូមជម្រាបថា តាំងតែពីដើមមក លោក ត្រាំ បានចោទប្រកាន់ប្រព័ន្ធបណ្តាញសង្គមនានាថា ព្យាយាមបំបិទសំឡេងអ្នកអភិរក្សនិយម។ជាក់ស្តែង មុនបើកជំនួបជាមួយក្រុមហ៊ុនបណ្ដាញសង្គមនៅសេតវិមានឆ្នាំមុន លោកបានបង្ហោះសារ Twitter ថា ប្រធានបទនៃជំនួបគឺភាពមិនស្មោះត្រង់ លម្អៀង រើសអើង និងគាបសង្កត់ ដែលធ្វើឡើងដោយក្រុមហ៊ុនខ្លះ។ លោក ត្រាំ បានចោទ Facebook, Google និង Twitter ចំៗ ថាលម្អៀង និងបំបិទសំឡេងអ្នកគាំទ្ររូបលោក។
បច្ចុប្បន្នគេពុំទាន់ច្បាស់នៅឡើយថា លោកត្រាំអាចធ្វើចំណាត់ការលើក្រុមហ៊ុនបណ្តាញសង្គមនេះ បានយ៉ាងដូចម្តេចទេ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនទាំងអស់នោះត្រូវបានស៊ើបអង្កេតដោយទីភ្នាក់ងាររដ្ឋ និងសហព័ន្ធ ក៏ដូចជាការសួរដេញដោលដោយសភាអាមេរិកផងដែរ។ ប៉ុន្តែសេតវិមាន បញ្ជាក់ថា លោក ត្រាំ នឹងចេញបទបញ្ជាមួយទាក់ទងបណ្ដាញសង្គមនេះ។
តាមពិតទៅ Twitter បានផ្តល់សិទ្ធសេរីភាពឲ្យថ្នាក់ដឹកនាំពិភពលោកបង្ហោះសារ បើទោះបីជាសារទាំងអស់នោះមានព័ត៌មានក្លែងក្លាយក៏ដោយ។ គឺទើបតែនៅខែមិថុនាឆ្នាំ២០១៩ នេះទេ ដែលបណ្តាញសង្គមមួយនេះដាក់សញ្ញាព្រមានចំពោះសារទាំងឡាយណាដែរល្មើសនឹងវិន័យរបស់ខ្លួន និងជាសម្តីមិនអាចទទួលយកបាន។ ចំណែកក្នុងដើមខែឧសភានេះ Twitter បានសម្រេចដាក់សញ្ញាលើសារទាំងឡាយណាដែលអាចបង្កផលប៉ះពាល់ទាក់ទងនឹងព័ត៌មានពិតស្តីពីជំងឺ COVID-19 ៕