មណ្ឌលគីរី ៖ ប្រជាពលរដ្ឋរស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី បានដាក់ពាក្យប្តឹង លោក ម៉ៅ ចំរើន ប្រធានមន្ទីរសុរិយោដី ខេត្តមណ្ឌលគីរី រួមជាមួយបុគ្គលដែលល្បីថាមានរឿងវិវាទដីធ្លីជាច្រើននៅខេត្តមណ្ឌលគិរី លោក សាន សូត្រ ហៅ តាផ្លោក ដោយបានធ្វើសកម្មភាពចុះទៅគម្រាម និងបង្ខំប្រជាពលរដ្ឋ អោយវាស់វែងដី ធ្វើប្លង់រឹង កាត់ដីអោយទៅ លោកសាន សូត្រ ហៅ តាប្លោក កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។

នៅក្នុងពាក្យបណ្តឹង របស់ ប្រជាពលរដ្ឋរស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី បានអោយដឹងថា កាលពីអំឡុងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ លោកប្រធានមន្ទីរសុរិយោដី បានចុះទៅគម្រាម និងបង្ខំប្រជាពលរដ្ឋអោយវាស់វែងដី ដែលកំពុងមានវិវាទជាមួយលោក សាន សូត្រ ដើម្បីកាត់អោយ លោក សាន សូត្រ។

នៅក្នុងពាក្យបណ្តឹងដដែលបន្តថា លោកប្រធានមន្ទីររូបនោះ បានអះអាងថា ដី ចំការប្រជាពលរដ្ឋ និងចេញប្លង់រឹងអោយ ចំណែកដីមិនឃើញមានដំណាំ និងទុកអោយលោក សាន សូត្រ។ ពេលនោះប្រជាពលរដ្ឋបានបដិសេធថា យើងខ្ញុំជាប្រជាពលរដ្ឋ ធ្វើចំការវិលជុំ ហើយមានដីកប់សព និងដីសែនព្រេនថែមទៀតផង ដូច្នេះ មិនអាចអោយលោកប្រធានមន្ទីរ សម្រេចចិត្តចែកដីអោយ លោក សាន សូត្រ បានទេ បើលោក សាន សូត្រ ទិញអ្នកណា វាស់ដីនោះអោយលោក សាន សូត្រទៅ មិនអាចដើរចង្អុលយកដីរបស់ជនជាតិដើមភាគតិចបែបនេះ ស្រេចតែចិត្តនោះទេ។

យោងតាមពាក្យបណ្តឹង បន្ថែមថា លោក ម៉ៅ ចំរើន ប្រធានមន្ទីរសុរិយោដី ខេត្តមណ្ឌលគីរី និងសហការីរបស់ពួកកាត់បានស្រែកគម្រាមថា អ្នកតវ៉ា នឹងអោយប៉ូលិសចាប់ដាក់គុក បន្ទាប់មកលោកប្រធានមន្ទីររូបនោះ ក៏បានលើកឡើងថា ពីណាមិនទៅចូលរួមវាស់ដី ធ្វើប្លង់រឹង ក៏ក្រុមលោកក៏ក្រុមលោកនៅតែចុះទៅវាស់ដីដែរ។ បន្ទាប់មករូបលោកនិងសហការីក៏បានចុះទៅវាស់។ បន្តិចក្រោយមកយើងខ្ញុំបានទៅតាមមើល ក៏ឃើញមានក្រុមកម្មករ និងមេការ កូនចៅ លោក សាន សូត្រ នៅលើដីទំនាស់ ហើយខាងលោកប្រធានមន្ទីរប្រុងនឹងវាស់ដី យើងខ្ញុំជាប្រជាពលរដ្ឋក៏តវ៉ារហូតដល់មានការឈ្លោះទាស់ទែងគ្នា ស្ទើរតែមានការវ៉ៃគ្នាទៅហើយជាមួយកូនចៅលោក សាន សូត្រ និងក្រុមការងារលោកប្រធានមន្ទីរសូរិយោដី។ ក្រោយមកលោកប្រធានមន្ទីរ និងក្រុមសហការីគាត់បានឡោះងរថយន្តចេញពីដីទំនាស់ទៅវិញ។

ចំណែករបស់លិខិតរបស់ លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ជូន អភិបាលខេត្តមណ្ឌលគិរី ដោយស្នើសុំពន្លឿនការដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋនៅ ភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះជនដែលប្រើកម្លាំងបំពានច្បាប់ និងបើមានជនណាប្រើប្រាស់ ឯកសារកាន់កាប់ដីមិនត្រឹមត្រូវបង្កបញ្ហាដល់ប្រជាពលរដ្ឋនិងអាជ្ញាធរ។

ក្នុងលិខិតដាក់ជូន អភិបាលខេត្តនោះបន្តថា ប្រជាពលរដ្ឋបានស្វែងរកការអន្តរាគមន៍ឲ្យមានការជួយដោះស្រាយបញ្ហាទំនាស់ដីធ្លី ដែលត្រូវបានបុគ្គល ឈ្មោះ សាន សូត្រ ប្រើកម្លាំង ឯកជនមិនអនុវត្តតាមនីតិវិធីច្បាប់ ទៅដណ្ដើមកាន់កាប់ដីប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែង លើដីចម្ការ និងដីកប់សពជនជាតិ និងទីកន្លែងទីសក្ការៈសែនព្រេនជនជាតិដើមភាគតិច។ បើតាមប្រជាពលរដ្ឋអះអាងបន្ថែមថា អ្នកដែលលក់ដីឱ្យឈ្មោះ សាន សូត្រ ពិតប្រាកដមានប្រជាពលរដ្ឋប្រមាណតែ ០៧-០៨ គ្រួសារ ប៉ុណ្ណោះ ក្នុងទំហំមួយគ្រួសារប្រហាក់ប្រហែល ៣ទៅ ៥ ហិកតា ប៉ុន្តែបែរជាឈ្មោះ សាន សូត្រ ប្តឹងសុំដីការរក្សាការពារទៅតុលាការដល់ទំហំ ១៧០ហិកតា ហើយពេលចូលដណ្ដើមកាន់កាប់ដីពីប្រជាពលរដ្ឋដោយខុសច្បាប់នោះ មានទំហំដីដល់ប្រមាណ ៣០០ហិកតា ឬអាចលើសពីនេះ។ ជាមួយគ្នានេះមេធាវីតំណាងប្រជាពលរដ្ឋបានធ្វើលិខិតបំភ្លឺព័ត៌មាន និងទិដ្ឋភាពផ្លូវច្បាប់មកផងដែរ លើអ្វីដែលប្រជាពលរដ្ឋបានអះអាង។

ជាមួយគ្នានោះ លោក ប៉ែន អ៊ាន បានស្នើឲ្យអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធពន្លឿនកិច្ចការ ដោះស្រាយជូនប្រជាពលរដ្ឋ និងធានាឲ្យបានការគោរពបទដ្ឋានច្បាប់ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាច្រើនកន្លងមក ពាក់ព័ន្ធទៅនឹងការរំលោភបំពានលើដីប្រជាពលរដ្ឋ ពីជនខិលខូច ត្រូវយកចិត្តទុកដាក់ការពារ និងគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាចំណុចអាទិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here