ប្រភពពីប្រជាពលរដ្ឋនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានឈ្មួញយកត្រាក់ទ័រមកធ្វើសកម្មភាពឈូស ឆាយដើមស្មាច់ក្នុងអាងស្តុកទឹកនៅតំបន់ភ្នំវល្លិ ភូមិអន្ទង់ស ឃុំពងទឹក ដោយគ្មាន ញញើតអ្វីទាំងអស់។

ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុកទេនោះគឺគ្មានជនណាអាចធ្វើសកម្មភាពរំលោភ កាន់កាប់ អាងស្តុកទឹកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋបានឡើយ។ ទាល់តែមានការឃុបឃិតជាប្រព័ន្ធ ទើបឈ្មួញអាចប្រើត្រាក់ទ័រឈូសឆាយទន្ទ្រាន កាន់កាប់ដីអាងស្តុកទឹកក្នុងភូមិអន្ទង់ស ជាប់តំបន់ភ្នំវល្លិ ឃុំពងទឹក តាមអំពើចិត្ត។

ប្រជាពលរដ្ឋនៅក្នុងឃុំពងទឹក បានអំពាវនាវឲ្យលោក កែន សត្ថា អភិបាលខេត្ត កែប ចាត់វិធានការទប់ស្កាត់ករណីឈ្មួញទន្ទ្រានកាន់កាប់អាងស្តុកទឹកនៅក្នុងភូមិ អន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាបន្ទាន់។ ដោយហេតុថា ឈ្មួញប្រើ ត្រាក់ទ័រ ចូលឈូសឆាយព្រៃស្មាច់ក្នុងអាងស្តុកទឹកយ៉ាងកំរោល ហើយមានមនុស្ស២ នាក់ទៀត ចូលមកបន្តកាប់ឆ្ការដើមស្មាច់ក្នុងអាងទឹកបន្តទៀតដោយគ្មានញញើតអ្វី ទាំងអស់។ សកម្មភាពនោះកំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងចំពោះការ បាត់បង់អាងស្តុកទឹកនិងខ្វះទឹកប្រើប្រាស់នៅរដូវប្រាំងឆ្នាំ២០២០ នេះ។

តាមការអះអាងរបស់ប្រជាពលរដ្ឋនៅភូមិអន្ទង់ស បានឲ្យដឹងថា អាងស្តុកទឹកនៅជាប់តំបន់ភ្នំវល្លិ៍នោះគឺជាប្រភពទឹកសម្រាប់ពួកគាត់ប្រើប្រាស់ប្រចាំថ្ងៃ ហើយករណី មានឈ្មួញទន្ទ្រានកាន់កាប់អាងស្តុកទឹកនេះធ្វើឲ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់បង់ប្រភពទឹកប្រើប្រាស់។

ហេតុនេះលោក កែន សត្ថា អភិបាលខេត្តកែប មិនគួរ បណ្តែតបណ្តោយតទៀតទេ ព្រោះមេឃុំពងទឹក និងអភិបាលស្រុកដំណាក់ចង្អើរ ធ្វើ មិនដឹងមិនឮអ្វីទាំងអស់ពេលដែលមានឈ្មួញធ្វើសកម្មភាពទន្ទ្រានកាន់កាប់អាងរក្សាទឹកទុកក្នុងភូមិអន្ទង់ស យ៉ាងគឃ្លើន។ បើតាមប្រភពខ្លះបង្ហើបឲ្យដឹងថា មន្ត្រីអាជ្ញាធរឃុំពងទឹកនិងមន្ត្រីអាជ្ញាធរស្រុកដំណាក់ចង្អើរ ជាអ្នកឃុបឃិតឲ្យឈ្មួញទន្រ្ទានកាន់ កាប់អាងស្តុកទឹកនៅភូមិអន្ទង់ស យ៉ាងកំរោលដើម្បីជាថ្នូរនឹងផលប្រយោជន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here