ប្រទេសម៉ូសំប៊ិក៖ យ៉ាងហោចណាស់អ្នកភូមិចំនួន៥២នាក់ នៅក្នុងខេត្តនៃភាគខាងជើង ប្រទេសម៉ូសំប៊ិក (Mozambique) បានស្លាប់ ដោយសារក្រុមបះបោរឥស្លាមនិយមបាញ់សម្លាប់ បន្ទាប់ពីពលរដ្ឋទាំងនោះ បានបដិសេធមិនចូលក្នុងជួររបស់ពួកគេ ។

យោងតាមអ្នកនាំពាក្យប៉ូលីស លោក Orlando Modumane បាននិយាយ កាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០នេះថា “ យុវជនទាំងនោះជិតត្រូវបានគេជ្រើសរើស ប៉ុន្តែពួកគេបានប្រឆាំង ដែលបានបង្កឱ្យមានការខឹងសម្បារ ពីសំណាក់ក្រុមបះបោរ ឥស្លាម និងបានសម្លាប់មនុស្ស ៥២នាក់ កាលពីថ្ងៃទី ៧ ខែមេសា ដោយគ្មានការលើកលែងនរណាម្នាក់នោះឡើយ” ។

ការសម្លាប់នេះ បានកើតឡើងនៅក្នុងភូមិ Xitaxi ក្នុងស្រុកMuidumbe ខេត្ត Cabo Delgado ជាកន្លែងដែលមាន គម្រោង ឧស្ម័នរាប់ពាន់លានដុល្លារ ដឹកនាំដោយក្រុមហ៊ុនប្រេងដូចជា តូតាល់ ។

ដោយឡែកកាលពីថ្ងៃពុធទី២២ ខែមេសានេះ មេបញ្ជាការប៉ូលីសជាតិ លោក Bernardino Rafael បាននិយាយថា គ្មានផ្នែក ណាមួយ នៃខេត្ត ដែលមានបញ្ហាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមបះបោរទេ ។ ការអត្ថាធិប្បាយរបស់ លោក បានធ្វើឡើង បន្ទាប់ពីមានការកើនឡើងញឹកញាប់ នៃការវាយប្រហារនៅក្នុងខេត្តមួយនេះ ។

ក្រុម អ្នកវិភាគសន្តិសុខ និយាយថា ក្នុងករណីខ្លះក្រុមបះបោរ បានកាន់កាប់ផ្នែកខ្លះនៃទីប្រជុំជន ភូមិឬ អគាររដ្ឋាភិបាល និង បាន លើកទង់ ស ខ្មៅ ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here