កោះតៃវ៉ាន់៖ ជាលើកដំបូងនៅក្នុងជួរយោធា នៃកងនាវាកោះតៃវ៉ាន់ ចំនួន២៧នាក់ ក្នុងចំណោម ៣៧៧នាក់ នៅលើនាវាចម្បាំង ផាន់ហ្ស៊ីហ៍ (Panshih) ដែលបានធ្វើតេស្ដវិជ្ជមានចំពោះ COVID-19 ហើយនេះជាករណីឆ្លងរាតត្បាត កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ជុំវិញការដោះស្រាយការឆ្លង COVID-19 ជាចង្កោម ដែលកើតឡើងនៅលើនាវាចម្បាំង អាចបំផ្លាញដល់ កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ COVID-19 ដ៏ល្អកន្លងមក របស់ដែនដីកោះមួយនេះ ។ 

តាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ បញ្ជាក់ថា យោធា ២៧នាក់ នៅលើនាវាចម្បាំង ផាន់ហ្ស៊ីហ៍ (Panshih) ត្រូវបានធ្វើតេស្ដ និងចេញលទ្ធផលវិជ្ជមានចំពោះ COVID-19 ។ នាវាចម្បាំង Panshih ស្ថិតនៅក្នុងចំណោមនាវាចម្បាំង ០៣គ្រឿង បានបំពេញទស្សនកិច្ចមិត្តភាព ទៅកាន់ប្រទេសដីកោះផាឡាវ (Palau) នៃតំបន់ប៉ាស៊ីហ្វិក ដែលជាសម័ន្ធមិត្តមួយនៃសម្ព័ន្ធមិត្តទាំង ១៥ នៅលើពិភពលោករបស់ដែនកោះតៃវ៉ាន់ កាលពីចន្លោះថ្ងៃទី៥ ខែមីនា ដល់ថ្ងៃទី៩ ខែមេសា។

ក្រុមអ្នករិះគន់បាននិយាយថា បន្ទាប់ពីការបញ្ចប់បេសកកម្ម និងការអនុវត្តវិធានការស្នាក់នៅដាច់ដោយឡែកនោះ កងកម្លាំងយោធា និងនាវិកទាំងនោះ បែរជាធ្វើដំណើរទៅកាន់តំបន់ចំនួន ៩០កន្លែងនៅក្នុងទីក្រុង និងតំបន់ច្រើនជាង ១០ នៅទូទាំងកោះតៃវ៉ាន់ មុននឹងត្រូវបានកោះហៅ ឱ្យធ្វើតេស្ដរក COVID-19 ឡើងវិញកាលពីថ្ងៃសៅរ៍ ដែលប្រការនេះគឺជាការខុសទៅនឹងស្តង់ដាអន្តរជាតិ ស្តីពីការទប់ស្កាត់ជំងឺរាតត្បាតសកលមួយនេះ។

ប៉ុន្តែប្រឈមមុខនឹងការរិះគន់ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក យិន តេហ្វា (Yen Teh-fa) កាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើការសូមអភ័យទោសជាសាធារណៈ ជាមួយការអះអាងពីបំណងលាលែងចេញពីតំណែង និងទទួលពិន័យ គ្រប់បែបយ៉ាងជាការទទួលខុសត្រូវ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានស្នើទៅកាន់លោកស្រីប្រធានាធិបតី ឱ្យដាក់ពិន័យ… អ្នកដែលសក្តិសមទទួលពិន័យ គួរតែត្រូវទទួលពិន័យ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here