ប្រទេសវៀតណាម៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០នេះថា ក្រសួងសន្តិសុខសាធារណៈប្រទេសវៀតណាម បានចាប់ខ្លួន លោក ង្វៀន ញ៉ាត់ខាម (Nguyen Nhat Cam) អគ្គនាយកនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង (CDC) ប្រចាំទីក្រុងហាណូយ រួមជាមួយមនុស្ស៦នាក់ទៀត ក្រោមការសង្ស័យ ពីបទពុករលួយពាក់ព័ន្ធនឹងការទិញឧបករណ៍ធ្វើតេស្តរកមេរោគ COVID-19 ។

កាលពីថ្ងៃពុធម្សិលមិញនេះ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានចាប់ខ្លួនលោក ង្វៀន ញ៉ាត់ខាម (Nguyen Nhat Cam) រួមជាមួយបុគ្គលពាក់ព័ន្ធ០៦នាក់ផ្សេងទៀត ក្រោមការសង្ស័យថា ពួកគេបានរួមគំនិតគ្នាភូតកុហក ដោយរាយការណ៍បំផ្លើសអំពី តម្លៃនៃការទិញឧបករណ៍ធ្វើតេស្តរកមេរោគ COVID-19 ។ បើតាមការបញ្ជាក់ពីក្រសួងសន្តិសុខសាធារណៈវៀតណាម ករណីនេះមានជាប់ ទាក់ទងនឹងក្រុមហ៊ុនមួយចំនួនទៀត ក្រៅពី CDC ប្រចាំទីក្រុងហាណូយ។

គួរជម្រាបថា លោក ខាម កាលពីឆ្នាំ២០១៨ បានឡើងជាប្រធានមជ្ឈមណ្ឌល CDC នៅហាណូយ ដែលមានតួនាទីទប់ស្កាត់ការរាលដាល នៃជំងឺឆ្លងផ្សេងៗ ក្នុងរដ្ឋធានីវៀតណាម។ នៅចំពោះមុខការរាតត្បាតនៃជំងឺ COVID-18 មជ្ឈមណ្ឌលនេះ ទទួលបន្ទុកលើការធ្វើតេស្តរក អ្នកឆ្លងនៅទីក្រុងហាណូយ ហើយក្នុងមួយថ្ងៃមានការធ្វើតេស្តលើមនុស្សចន្លោះ២,៥០០-៣,០០០នាក់។

សរុបមកទល់បច្ចុប្បន្ន នៅទូទាំងប្រទេសវៀតណាម មានករណីឆ្លង COVID-19 សរុប២៦៨នាក់ ក្នុងនោះ២២៣នាក់ ឬស្មើនឹង៨៣ភាគរយ បានជាសះស្បើយ និងពុំមានអ្នកស្លាប់ឡើយ ហើយរយៈពេលប្រមាណជាមួយសប្តាហ៍កន្លងមកនេះ គឺពុំមានការរកឃើញករណីឆ្លងថ្មីនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here