ទីក្រុងញូយ៉ក ៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីមានសត្វតោ និងខ្លា ចំនួន៨ក្បាលនៅឯសួនសត្វមួយកន្លែង ក្នុងទីក្រុងញូយ៉ក ត្រូវបានក្រុមអ្នកជំនាញរបស់អាមេរិករកឃើញមានផ្ទុកជំងឺ COVID-19 ក្នុងខ្លួនសត្វទាំងនោះកន្លងមក ពេលនេះអាមេរិកធ្វើតេស្ដលើសត្វឆ្មាចំនួនពីរក្បាលទៀត នៅក្នុងទីក្រុងញូយ៉ក រកឃើញថាវិជ្ជមានចំពោះ COVID-19 ប៉ុន្តែពួកវាមិនមានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរនោះឡើយ ដោយត្រូវបានគេរំពឹងថា អាចនឹងជាសះស្បើយក្នុងពេលឆាប់ៗនេះ ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមជាមួយ មជ្ឈមណ្ឌលអាមេរិកសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) ក្រសួងកសិកម្មអាមេរិកបានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០នេះថា សត្វឆ្មាទាំងពីរក្បាលខាងលើ គឺជាសត្វចិញ្ចឹមនៅក្នុងផ្ទះដំបូងបំផុតបានឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក ។ ក្រសួងបន្ថែមថា សត្វឆ្មាទីមួយ ប្រហែលជាអាចឆ្លង COVID-19 ពីមនុស្សនៅខាងក្រៅផ្ទះ ខណៈអ្នកនៅក្នុងផ្ទះជាមួយសត្វឆ្មានេះ មិនមានផ្ទុកជំងឺនេះនោះទេ។ ចំណែកឯ សត្វឆ្មាទី ២ បានឆ្លងពីម្ចាស់វា ដែលត្រូវបានធ្វើតេស្ដវិជ្ជមានចំពោះ COVID-19។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏ធ្លាប់រាយការណ៍ពីករណីឆ្លង COVID-19 នៅលើខ្លួនសត្វផងដែរ ដោយសត្វតោ និងខ្លា ៨ក្បាលនៅឯសួនសត្វមួយកន្លែង ក្នុងទីក្រុងញូយ៉ក ត្រូវបានធ្វើតេស្ដវិជ្ជមាន។ យ៉ាងនេះក្ដី ក្រុមអ្នកជំនាញមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើសត្វចិញ្ចឹមដែលឆ្លង COVID-19 ពីមនុស្សហើយ អាចចម្លងទៅមនុស្សផ្សេងទៀតបានដែរ ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែពួកគេណែនាំឱ្យម្ចាស់សត្វិចិញ្ចឹម រក្សាអនាម័យ និងត្រូវលាងដៃឱ្យបានស្អាត ក្រោយប៉ះពាល់សត្វចិញ្ចឹមរបស់ខ្លួន។

សម្រាប់ករណីរកឃើញវីរុសកូរ៉ូណាថ្មី នៅក្នុងខ្លួនសត្វចិញ្ចឹមបែបនេះ ក៏ធ្លាប់កើតមានរួចមកហើយនក្រុងហុងកុង ប៉ុន្តែការសិក្សានៅតែបន្ត ដើម្បីឲ្យបានដឹងថា តើសត្វអាចមានលទ្ធភាពចម្លងជំងឺនេះ មកដល់មនុស្សដែរ ឬទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here