ភ្នំពេញ៖ មន្ត្រីនគរបាលខណ្ឌសែនសុខម្នាក់ បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហារទៅលើរថយន្តបុរសម្នាក់ ដែលកំពុងបើកដឹកអតីតប្រពន្ធរបស់ខ្លួនឲ្យចំប្រពន្ធស្លាប់ និងកូនស្រីរបួសធ្ងន់ ហើយព្យាយាមរត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចជំនាញតាមប្រមាញរហូតចាប់ខ្លួនបាន នៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ក្រោយជនដៃដល់រត់ទៅលាក់ខ្លួននៅផ្ទះបងស្រីបង្កើត ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កម្លាំងជំនាញ បានសហការជាមួយសមត្ថកិច្ចខេត្តកណ្តាល នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខ ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន បានស្រាវជ្រាវតាមចាប់បុរសអតីតជាប្តីរបស់ស្រ្តីជនរងគ្រោះ (ស្លាប់) ដោយប្រើប្រាស់ពេលវេលាប្រមាណជាង២ម៉ោង ទើបឈានដល់ការចាប់ខ្លួនបានជនសង្ស័យ រួចនាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្រ្តីដដែលបន្តថា ជនដៃដល់ឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាមន្រ្តីនគរបាលខណ្ឌសែនសុខ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ២នាក់ម្តាយនិងកូន ៖ ទី១-ឈ្មោះ សូរ ពៅមរកត ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(ស្លាប់) ។ និងទី២-ឈ្មោះ ជា អារីយ៉ា ភេទស្រី អាយុ០៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(របួសធ្ងន់) សម្រាកព្យាបាលនៅមន្ទីពេទ្យកុមារជាតិ ។

សម្ភារដកហូត៖ អាវុធខ្លី០១ដើម ម៉ាករ៉ូឡូ ពណ៌ខ្មៅ លេខ១០៥៥៣ គ្រាប់ចំនួន ០២គ្រាប់ , សំបកគ្រាប់ ០២គ្រាប់ ។

តាមប្រភពព័ត៍មានពីស្រ្តីម្នាក់ ដែលត្រូវជាបងស្រីរបស់ជនដៃដល់ បានឲ្យដឹងថា មូលហេតុនៃការបាញ់សម្លាប់ជនរងគ្រោះខាងលើនេះ គឺដោយសារតែប្អូនប្រុសរបស់ខ្លួន(ជនដៃដល់) មានកំហឹងយូរហើយជាមួយបុរសម្នាក់ ដែលជាប្រុសសេ្នហ៍ថ្មី និងធ្លាប់និយាយប្រាប់ស្រ្តីរងគ្រោះថាប្រសិនបើលះលែងមែន ហើយទៅយកបុរសខាងលើនោះ រូបគេនឹងតាមបាញ់សម្លាប់ហើយ ។ ស្រាប់តែចុងបញ្ចប់ថ្ងៃនេះប្អូនរបស់គាត់ ដែលជាមន្រ្តីនគរបាលខណ្ឌសែនសុខ ពិតជាតាមដានឃើញអតីតប្រពន្ធ និងកូនស្រី ជិះរថយន្តជាមួយបុរសរូបនោះមែន ក៏បានប៉ុនប៉ងបាញ់សម្លាប់បុរសជាប្រុសស្នេហ៍នោះទេ ប៉ុន្តែបែរជាត្រូវចំប្រពន្ធ និងកូនស្រីខ្លួនឯងទៅវិញ ។ ក្រោយពីបាញ់សម្លាប់រួច រូបគេបានជិះម៉ូតូរត់គេចខ្លួនមកផ្ទះរបស់បងស្រីរបស់ខ្លួននៅស្រុកកៀនស្វាយ ខេត្តកណ្តាលតែម្តង  ។

បើតាមប្រភពព័ត៍មានពីបុរសម្នាក់ ដែលគេសង្ស័យមានទំនាក់ទំនងស្នេហាជាមួយស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុម៉ោងប្រមាណ៨និង១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ រូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពាក់ស្លាកលេខភ្នំពេញ 2M 3050 ដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ គោលបំណងទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវលេខ ១០៨៦ ក៏ត្រូវជនដៃដល់អតីតជាស្វាមី បានជិះម៉ូតូពីមួយគ្រឿង មកពីក្រោយរួចបាញ់សំដៅរថយន្តរបស់គាត់ចំនួន៤គ្រាប់ តែផ្ទុះមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីរងគ្រោះ និងកូនស្រីបណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមនោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរគន្ធបុប្ផា ។ បន្ទាប់ពីកើតហេតុ ស្ត្រីរងគ្រោះបានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់  ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here