ភ្នំពេញ​ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីអតីតប្តីដែលគេស្គាល់ថា ជាមន្ត្រីប៉ុស្តិ៍នគរបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានជិះម៉ូតូតាម​រថយន្តរបស់អតីតប្រពន្ធ ​ហើយបាញ់រះចំនួន៤គ្រាប់ បណ្តាលឲ្យប្រពន្ធស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ និងកូនស្រីម្នាក់បានរងរបួសធ្ងន់និងកំពុងសង្គ្រោះបន្ទាន់​។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨​ និង១០នាទីយប់​ ថ្ងៃទី៦​ ខែមេសា​ ឆ្នាំ​២០២០​ នៅចំណុចមុខមន្ទីពេទ្យសែនសុខ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរសម្នាក់បានអះអាងថាខ្លួនបានបើករថយន្តដឹកស្ត្រីរងគ្រោះជាមួយកូនៗរបស់ស្ត្រីរងគ្រោះ​ បានបញ្ជាក់ថា នៅមុនកើតហេតុនៅម៉ោងប្រមាណ៨៖១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ រូបលោកបានបើករថយន្ត ដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ​ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវ ១៩៨៦ ក៏ត្រូវបុរសជាអតីតស្វាមីជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរគន្ធបុប្ផា។

​បន្ទាប់ពីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជនរងគ្រោះត្រូវបានសមត្ថកិច្ចរាយការណ៍ថា ស្ត្រីជាប្រពន្ធបានស្លាប់ ខណៈកូនម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់។

​យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះ និងអតីតស្វាមីបានលេងលះគ្នាមួយរយៈពេលមកហើយ។ ដោយជនដៃដល់ត្រូវបានគេស្គាល់ថា ឈ្មោះ ជា ចាន់បូរ៉ា ជានគរបាលខណ្ឌសែនសុខ។

​ក្រោយពីបង្កហេតុរួច​ ជនដៃដល់បានព្យាយាមរត់គេចខ្លួន​ តែត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ មាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយ នគរបាលខេត្តកណ្តាល នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបាននៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃខែដដែល ។

​បន្ទាប់មក​ សមត្ថកិច្ចបានាំខ្លួនជនដៃដល់តាមរថយន្ត១គ្រឿងមកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី​ ។ ចំពោះរឿងហេតុដែលបណ្ដាលឲ្យកេីតមានករណីខាងលេី​ សមត្ថកិច្ចជំនាញនៅមិនទាន់បញ្ចាក់ឲ្យបានពិតប្រាកដនោះទេ​ ដោយគ្រាន់តែសង្ស័យថា​ មកពីភ្លេីងប្រច័ណ្ឌ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here