ភ្នំពេញ៖ ដើម្បីឲ្យអស់ចង្ងល់ និងពន្យល់ដល់សាធារណៈជនយល់កាន់តែច្បាស់ថា ហេតុអ្វីហាមជនបរទេសមួយចំនួនមកពីអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ មិនឲ្យចូលកម្ពុជា តែបែរជាអត់ហាមជនជាតិចិន ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០យ៉ាងដូច្នេះថា «នៅពេលបច្ចុប្បន្ននេះ ប្រទេសចិនការរាតត្បាតក៏ដូចជាការកើតឡើងនូវវីរុស Covid-19 បើតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោក សង្កេតឃើញថា ករណីឆ្លងថ្មីនៃវីរុស Covid-19 មានការថយចុះជាគំហុកដែលមកត្រឹមតែជាង២០ករណីប៉ុណ្ណោះ ដែលបញ្ជាក់ឲ្យឃើញថា ការរាតត្បាតនៅប្រទេសចិន ហាក់មានសភាពធូរស្រាល និងថយចុះច្រើន។ យើងសង្កេតឃើញនាពេលថ្មីៗនេះ ប្រធានអង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ជូនដែរថា បច្ចុប្បន្ននេះនៅប្រទេសតំបន់អឺរ៉ុប ក្លាយទៅជាតំបន់ដែលមានការព្រួយបារម្ភខ្លាំង សម្រាប់ការរីកសាយភាយនូវការឆ្លងរាតត្បាតនៃវីរុស Covid-19។

ដូច្នេះផ្អែកលើការរកឃើញករណីជំងឺ Covid-19 ថ្មីៗនេះនៅកម្ពុជា គឺជាជនបរទេសផ្សេងៗ ដែលសុទ្ធសឹងបានឆ្លង ពេលបានចេញទៅកម្សាន្តក្រៅប្រទេសកម្ពុជា ឲ្យវិលត្រឡប់មកកម្ពុជា ដូច្នេះហើយការកើតឡើងនៃជំងឺ Covid-19 នៅប្រទេសកម្ពុជា យើងពិនិត្យឃើញថា ជាករណីនាំចូល ដូច្នេះវាជាឱកាសមួយដែលយើងត្រូវគិតគូរនូវការកាត់ផ្តាច់ខ្សែចម្លង ដែលនាំចូលមកកម្ពុជា និងក៏ជាវិធានការទប់ស្កាត់នៃការនាំចូលនូវវីរុស Covid-19 ដែលយើងមិនអាចប៉ាន់ប្រមាណបាន ដូច្នេះទើបមានការចាក់ចេញនូវការផ្អាក នៃការធ្វើដំណើររបស់ជនបរទេសមកប្រទេសទាំង៦នេះ ព្រោះប្រទេសទាំងនេះ មានការរាតត្បាតធំ និងសន្ទុះនៃការរាតត្បាត គឺលឿនខ្លាំង»។

លោកស្រី វណ្ណឌីន បានបញ្ជាក់ថា ការសម្រេចផ្អាកជនបរទេស មកប្រទេសទាំង៦ គឺប្រទេស អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ នេះជាដំណាក់ជំហានដំបូង ដែលក្រសួងបានដាក់ចេញ ប៉ុន្តែក្រសួងនៅរង់ចាំមើលបន្តទៀតថា តើមានការវិវត្តន៍ថ្មីៗបែបណាទៀតនោះ នឹងមានការពិចារណាបន្ថែមទៀត ថាតើត្រូវផ្អាកមិនឲ្យជនបរទេស ប្រទេសណាទៀតចូលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19។

លោកស្រីបានលើកជា ឧទារហណ៍អំពីវិធានការផ្អាក មិនឲ្យជនបរទេសប្រទេសចូលកម្ពុជាទៀតថា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រសិនបើមានជនបរទេសពីប្រទេសអ៉ីតាលី ដែលចូលប្រទេសកម្ពុជា ឬឆ្លងកាត់កម្ពុជា គឺមិនអនុញ្ញាតឲ្យចូលកម្ពុជា។ ប៉ុន្តែបុគ្គលដែលធ្វើដំណើរជាជនជាតិ ប៉ុន្តែគាត់អត់មានរស់នៅប្រទេសអ៊ីតាលីទេនោះ ឬក្រៅពីប្រទេសទាំង៦ដែលកម្ពុជាផ្អាក ហើយគាត់មិនមានប្រវត្តិរយៈពេល១៤ថ្ងៃ ចូលប្រទេសទាំងអស់៦នោះ គឺគាត់អាចចូលមកកម្ពុជាបាន។

ជាមួយគ្នានេះលោកស្រី ឱ វណ្ណឌីន ក៏អំពាវនាវដល់អ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសទាំង៦ដែលកម្ពុជា បានហាមឃាត់សូមមេត្តាយោគយល់ និងកុំអាក់អន់ស្រពន់ចិត្ត ព្រោះនេះគឺជាវិធានការដែលត្រូវប្រកាន់យកការពារការរីករាលដាលជំងឺ Covid-19។ ជាមួយគ្នានេះសូម្បីសហរដ្ឋអាមេរិក ក៏ប្រកាន់យកនូវគោលការណ៍នេះដែរ ដោយធ្វើការផ្អាក ប្រទេសនៅអឺរ៉ុបស្ទើរទាំងអស់មិនឲ្យចូលអាមេរិកឡើយ។

លោកស្រីបន្តថា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបំណងធ្វើដំណើរទៅកាន់ប្រទេសហាមឃាត់ទាំង៦នោះ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ គឺមិនត្រូវបានអនុញ្ញាតឡើយ ហើយចំពោះប្រជាពលរដ្ឋខ្មែរ ដែលចេញទៅបាត់ទៅហើយ ប៉ុន្តែដល់ពេលត្រូវមកវិញ គាត់អាចអញ្ជើញមកវិញបាន ប៉ុន្តែពេលត្រឡប់មកវិញ សូមរាយការណ៍ជាបន្ទាប់មកក្រុមគ្រូពេទ្យ ដែលនៅឈរជើងតាមព្រលានយន្តហោះ ហើយប្រសិនបើមានបញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺ Covid-19 សូមរាយការណ៍ជាបន្ទាន់ទៅកាន់លេខពិសេស ១១៥។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ និង១៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសផ្លូវការ អំពីការហាមឃាត់ជនបរទេស មកពីប្រទេសមកពី៦ប្រទេសរួមមាន អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ មិនឲ្យចូលប្រទេសកម្ពុជារយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃចន្ទ ទី១៧ ខែមីនា សម្រាប់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក និងចាប់ពីថ្ងៃទី១៨ ខែមីនា សម្រាប់ប្រទេសអ៉ីរ៉ង់ ដែលជាវិធានការការពារទប់ស្កាត់បន្ទាន់ នូវការរីករាលដាលនៃជំងឺ កូវីដ១៩ ។

បន្ទាប់ពីមានការសម្រេចហាមប្រាម ជនបរទេសចំនួន៦ប្រទេសនេះចូលកម្ពុជា មានមតិមួយចំនួនចោទជាចម្ងល់ថា ហើយហេតុអ្វីបានជាហាមតែ៦ប្រទេសនេះ ចុះប្រទេសចិន ដែលជាប្រភពចម្លងមេរោគ Covid-19 នេះដំបូងគេបំផុតបែរជាគ្មានឈ្មោះក្នុងបញ្ជីរបស់កម្ពុជាទៅវិញ? ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន១២ករណីហើយ ដោយក្នុងនោះមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២បុរស៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ ។
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ។
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ ។
ទី៩ ៖ បុរសជនជាតិខ្មែរឥស្លាម អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ ។
ទី១០ ៖បុរសជនជាតិខ្មែរឥស្លាម អាយុ ៣៩ឆ្នាំ នៅខេត្តព្រះវិហារ ។
ទី១១៖បុរសជនជាតិខ្មែរម្នាក់មកពីប្រទេសបារាំង ។
ទី១២៖កូនជនជាតិបារាំងអាយុ ៣៥ឆ្នាំ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here